កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន លើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅល្ងាចថ្ងៃទី២៨ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើក​ទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន។ សម្ដេចក៏​នឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នា​នៃក្រុមរដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ានផងដែរ។​

សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើក​ទី៥៥នេះដែរ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថាយ៉ាងហោចណាស់ ក៏មានកិច្ចប្រជុំពាក់ព័ន្ធចំនួន៧ ត្រូវ​បានធ្វើឡើងដែរ ក្នុងនោះរួមមាន កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្រ្តីការបរទេស​អាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន  ស្តីពីសិទ្ធិមនុស្ស, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើកទី៥៥, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានបូកបី លើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។

ស្របពេល​ជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើកទី៥៥ ​​  រដ្ឋមន្រ្តីការបរទេស   និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)   ដោយព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ហើយរដ្ឋមន្រ្តីការបរទេស  និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១។ នេះបើតាមប្រភពដដែល។

ដោយឡែកនៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ានលើកទី៥៥  នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជានិងលេខាធិការដ្ឋានអាស៊ាន    ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន  និងប្រទេសទាំងប្រាំមួយ​ ដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​​ (TAC) ខាងលើ ប្រទេសចំនួនបួនផ្សេងទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមានប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។

ក្នុងសេចក្ដីជូនព័ត៌មានដដែរ ក្រសួងបានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥  និងកិច្ចប្រជុំពាក់ព័ន្ធ  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  ប្រាក់  សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រំពឹងថានឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយនឹងសមភាគីបរទេសរបស់ឯកឧត្ដម៕

Share.