សៀមរាប ៖ ប៊ីចេងក្លែងក្លាយទម្ងន់១៨តោន ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ក្រោយពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃស្នងការដ្ឋានការនគរខេត្តសៀមរាប បង្ក្រាបចាប់បានកន្លងមក ត្រូវបានដុតបំផ្លាញចោល កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។


តាមសមត្ថកិច្ចបានឲ្យដឹងថា ប៊ីចេងទាំង១៨តោន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានដកហូតកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ខេត្តសៀមរាប យកទៅរក្សាទុកនៅស្នងការខេត្ត រហូតមកដល់ពេលនេះ ត្រូវបានតុលាកាសម្រេចដុតបំផ្លាញចោល ។

បើតាមលោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះករណី បុគ្គលម្ចាស់ ផលិតផលក្លែងក្លាយនេះ ត្រូវបានសាលាដំបូងខេត្ត ចេញសាលក្រមដាក់ពន្ធនាគាររយៈពេល១ឆ្នាំហើយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.