ថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១នេះគឺជាខួបលើកទី២៧ ទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១។

ក្នុងសារចូលរួមអបអរទិវានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារ ៩ចំណុចទៅដល់ស្ថាប័នពាក់ព័ន្ធសំដៅធ្វើយ៉ាងណាធានាដល់ការលើក កម្ពស់សិទ្ធិរបស់កុមារ និងធានាថាកុមារទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។

ខាងក្រោមនេះគឺជាការងារអាទិភាពទាំង៩ចំណុចដែលសម្តេចប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ៖

១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ។ ជាពិសេសកុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់នៃ ការរើសអើង ការផាត់ចេញពីសង្គមនិងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិ ដើមភាគតិច កុមារមានពិការភាព)។
២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរក្នុង ការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការ ចែករំលែកចំណេះដឹង បទពិសោធស្តីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។
៣៖ សូមលើកទឹកចិត្តដល់កុមារ និងសហគមន៍ ដើម្បីត្រៀមខ្លួន និងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំងជម្នះរាល់ការលំបាកនានា។
៤៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រ ឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនិងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ ដោយបន្តពង្រឹងសេវាគាំពារនិងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបំណិនជីវិត។
៥៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្សនិងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញនិងក្រៅ ប្រព័ន្ធ អនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។
៦៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើក កម្ពស់ការយល់ដឹងនិងផ្លាស់ប្ដូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅក្នុងសហគមន៍ ជា ពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្ដូរសហគមន៍របស់ពួកគេ។
៧៖ សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី/ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្អួត ការផ្ដល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារនិងសហគមន៍ ជាពិសេសកុមាររងគ្រោះ ដោយឪពុកម្តាយ ទុកចោល កុមារដែលទទួលរងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។
៨៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់ កុមារគ្រប់វិស័យ។
៩៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្ត សិទ្ធិកុមារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ៕

Share.