ខេត្តព្រះសីហនុ÷ ដីព្រៃលិចទឹកក្នុងតំបន់ព្រែកបីដែលជាដីនៅក្នុងសហគមន៍ស្ថិតក្នុងភូមិ១ឃុំទំនប់រលក ស្រុកស្ទឹងហាវ ត្រូវបានចាក់លុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលមានលោកប្រធានសមាគមន៍ និងជាមេភូមិអ្នកមើលការខុសត្រូវដោយមិនមានអាជ្ញាធរហ៊ានអន្តរាគមន៍នោះឡើយ។

នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលើ។ក្រោយពីទទួលព័ត៌មានលោក ឆាយ សុគន្ធដា អបាលស្រុកស្ទឹងហាវបានឲ្យក្រុមការងារចម្រុះថ្នាក់ស្រុកចុះទៅពិនិត្យទីតាំងផ្ទាល់ដែលដឹកនាំដោយលោក អ៊ុង ឆាលី អភិបាលរងស្រុកនិងជាប្រធានក្រុមការងារ ជាក់ស្ដែងក្រោយពីពិនិត្យឃើញថាការចាក់លុបដីព្រៃលិចទឹកទាំងនេះមិនមានច្បាប់អនុញ្ញាតនោះឡើយ។

លោក គីម ហាក់ មេភូមិ១ឃុំទំនប់រលកនិងជាប្រធានសហគមន៍បានបានលើកឡើងថា ចំពោះទីតាំងដែលបានចាក់ដីខាងលើនិងសកម្មភាពចាក់ដីទាំងនេះ គឺចំនួនពីរថ្ងៃមកហើយ ដោយបានជួលគ្រឿងចក្រនិងទិញដីពីក្មួយរបស់គាត់ចំពោះឯកសារពាក់ព័ន្ធកំពុងសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ក៏ប៉ុន្តែជាក់ស្ដែងបានចាក់ដីលុបស្ទើរតែរួចរាល់ទៅហើយ។

ដោយឡែកមន្ត្រីជំនាញរដ្ឋបាលជលផលលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលបានលើកឡើងថា ចំពោះសកម្មភាពខាងលើនេះគឺពុំមានច្បាប់អនុញ្ញាតនោះទេ ដោយតម្រូវឱ្យអនុវត្តតាមនីតិវិធី។

បន្ទាប់ពីចុះពិនិត្រួច លោក អ៊ុង ឆាលី អភិបាលរងស្រុកនិងជាប្រធានក្រុមការងារបានលើកឡើងថាដោយមានការពិភាក្សាជាមួយមន្ត្រីជំនាញជលផលនិងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ក្រុមការងារបានសម្រេចអោយខាងគ្រឿងចក្រផ្អាកនិងបញ្ឈប់សកម្មភាពចាក់ដីលុបព្រៃលិចទឹកនេះបន្តទៀតហ្នឹងតម្រូវឱ្យកាយដីដែលបានចាក់រួចនេះចេញវិញតែនៅពេលផុតរដូវវស្សា។

ជុំវិញបញ្ហាការចុះពិនិត្យរបស់លោកអភិបាលរងស្រុកស្ទឹងហាវនិងជាប្រធានក្រុមការងារប្រជាពលរដ្ឋបានលើកឡើងថា ការចាក់លុបនេះប្រហែលជាមិនអាចទៅរួចនោះទេ ព្រោះការសន្យាឲ្យកាយដីឡើងវិញគឺទុករយៈពេលយូររីឯការចាក់លុបបានស្ទើរតែ ១០០%ភាគរួចទៅហើយនោះ។

តាមប្រជាពលរដ្ឋដែលបាននិងកំពុងអាស្រ័យផលចិញ្ចឹមត្រីនៅក្នុងព្រែកតំបន់៣ ឃុំទំនប់រលកនេះបាននឹងកំពុងទទួលរងផលប៉ះពាល់ ដោយត្រីពួកគាត់ស្ទើរតែ១០០%ភាគរយបានងាប់ជាបន្តបន្ទាប់ដោយការចាក់ដីហូរចូលព្រែក ដូចនេះពួកគាត់សំណូមពរឲ្យអាជ្ញាធរខេត្តមេត្តាជួយពិនិត្យនិងដោះស្រាយជូនពួកគាត់ផង៕

អត្ថបទ÷ក្រុងព្រះសីហនុ

Share.