ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់ បើកលឿនហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមកំពុងជិះឆ្លងផ្លូវ បណ្តាលឲ្យជាប់អូសជាច្រើនម៉ែត្រ សំណាងល្អអ្នកបើកម៉ូតូខ្ទាតផុតពីកង់រថយន្ត រងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទល់មុខច្រកចូលផ្សារចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្ត ម៉ាកSHACMAN បែនកង់១០ ពណ៌ស គ្មានស្លាកលេខ ដឹកខ្សាច់ បើកល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាន់ជ្រុលបុកម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CM-2108 ដែលជិះចេញពីការ៉ាស់សាំងឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យជាប់ម៉ូតូអូសច្រើនម៉ែត្រ រងខូចខាតធ្ងន់ ខ្ទាតអ្នកជិះម៉ូតូចេញផុតពីកង់រថយន្ត រងរបួសស្រាល រីឯអ្នកបើកបរ ស្មានតែជនរងគ្រោះស្លាប់ ចុះពីលើរថយន្តរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រួចប្រគល់រថយន្តឲ្យការិយាល័យចរាចរជើងគោក នៃស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក ៕

Share.