កំពង់ស្ពឺ ៖ យ៉ាងហោចណាស់មានកម្មការនីរោងចក្រម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែក៦នាក់ទៀតរងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តកូរ៉េដឹកកម្មកររោងចក្រ បើកវ៉ាជែងជ្រុលទៅបុកកៀររថយន្តសាំយ៉ុងដឹកកម្មករមួយគ្រឿងទៀត ក្នុងដំណើរស្របទិសគ្នា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថៃ្ងទី០៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ៣៨-៣៩ ស្ថិតនៅភូមិពោធិ៍ខ្ញែរ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស អត់ស្លាកលេខ ដឹកកម្មករ រោងចក្រចេញពីស្រុកជុំគិរី ខេត្តកំពត បើកពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែង តែមិនផុត ជ្រុលបុកកៀររថយន្តដឹកកម្មករមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពាក់ ស្លាកលេខ ភ្នំពេញ 2AD- 4695 មកពីខេត្តតាកែវ ឆ្ពោះទៅធ្វើការ នៅរោងចក្រកាត់ដេរ វ៉ែនធូរ៉ា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរពីត្បូងទៅជើងដូចគ្នា បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ ជិះលើរានដែក ពីក្រោយរថយន្តសាំយ៉ុង និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល ។

ស្ត្រីរងគ្រោះរហូតដល់ស្លាប់ មានឈ្មោះ ចាន់ ណា អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។ ជនរងរបួសទាំង៦នាក់ ក្រោយកេីតហេតុ សមត្ថកិច្ច បានបញ្ជូនទៅមន្ទីរពេទ្យឯកជនផ្សារត្រពាំងអណ្តើក ស្រុកត្រាំកក់ ខេត្តតាកែវ ។

ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.