យោងតាមគេហទំព័រ MGRonline ក្រោយតារាសម្ដែងល្បីប្រចាំព្រះរាជាណាចក្រថៃកញ្ញា Jakjaan akhamsiri និងគូស្នេហ៍បានចូលទៅដាក់ពាក្យប្ដឹងអតីតអ្នកចាត់ការទូទៅ ជាមួយនឹង Nok Usanee កាលពីថ្ងៃទី២៤ ខែមីនាកន្លងមក ករណីប្រមាថមើលងាយតាមរយៈការឃោសនាផ្សព្វផ្សាយបង្កើតរឿងពិភពលោកទីពីររបស់គូស្នេហ៍ Jakjaan រហូតធ្វើឱ្យមានការប៉ះពាល់ដល់ធុរកិច្ច។

យ៉ាងណាមិញនៅថ្ងៃទី១ ខែមិថុនា ម្សិលមិញនេះអតីតអ្នកចាត់ការរបស់ Jakjaan និង Nok Usanee ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបានក្រោយពីបានគេចខ្លួននៅខេត្តនគររាជសីមាប្រទេសថៃនេះបើយោងតាមសំណេរលើហ្វេសប៊ុករបស់មេធាវី Nida ដែលជាអ្នកការពារក្ដីឱ្យ Jakjaan។
«ចាប់អតីតអ្នកចាត់ការតារាព្រមជាមួយនឹងមិត្តភក្ដិជិតរបស់តារាបានហើយ បន្ទាប់ពីពន្យារពេលហើយពន្យារពេលទៀត»។
ប្រភពពីខាងក្នុងបានបង្ហើបឱ្យដឹងថាសមត្ថកិច្ចបានចេញលិខិតចំនួនពីរដង តែអ្នកទាំងពីរមិនព្រមចូលខ្លួនមកតាមជួប ម្យ៉ាងដោយសារស្ថានការណ៍កូវីដ-១៩ ផងធ្វើឱ្យសមត្ថកិច្ចចេះតែពន្យារពេលសាកសួរចំនួន២ដង ប៉ុន្តែសាមីខ្លួនទាំងពីរខាងលើមិនព្រមអនុវត្តតាម រហូតដល់សប្ដាហ៍កន្លងទៅ សមត្ថកិច្ចបានចេញលិខិតចាប់ខ្លួន និងចាប់ខ្លួនអ្នកទាំងពីរបានកាលពីថ្ងៃត្រង់ថ្ងៃទី១ខែមិថុនានេះតែម្ដង។
សូមរំលឹកឡើងវិញថា ក្រោយពីភាគីខាងប្រុសបានរៀបចំ Surprise សុំរៀបការ Jakjaan និង ស្វាមី កាលពី៤ថ្ងៃមុន បានរៀបការជាមួយគ្នាហើយតាមរយៈការចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយសារមិនអាចរៀបចំកម្មវិធីធំបានខណៈស្ថានការណ៍ Covid-19 នៅប្រទេសថៃកំពុងមានការកើនឡើងជាលំដាប់។ ប៉ុន្តែមុននឹងបានរៀបការអ្នកទាំងពីរបានប្រឈមនឹងព័ត៌មានអាស្រូវ ជាដំណឹងចចាមអារ៉ាមពាក់ព័ន្ធនឹងសាមីខ្លួនខាងប្រុសថាធ្លាប់មានភរិយារួចហើយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់តារាស្រីល្បីរូបនេះយ៉ាងខ្លាំងរហូតទាល់តែខាងប្រុសបានចេញមកបកស្រាយនិងទទួលស្គាល់ថាខ្លួនធ្លាប់មានភរិយាពិតប្រាកដមែនប៉ុន្តែបានបែកបាក់គ្នាហើយ ថែមទាំងមិនមានចុះសំបុត្រអាពាហ៍ពិពាហ៍អ្វីនោះទេ។
ក្រោយពីមានអ្នកសារព័ត៌មានធ្វើការស្រាវជ្រាវដើម្បីផ្សព្វផ្សាយ ទើបដឹងថាដំណឹងទាំងអស់នេះគឺមិនមែនកើតចេញពីអតីតភរិយារបស់គូស្នេហ៍ Jakjaan នោះទេ តែកើតពីអតីតអ្នកចាត់ការរបស់តារារូបនេះជាមួយនឹង Nok Usanee ដែលជាអ្នកឆ្លើយឆ្លងគ្នាតាមរយៈ Chat និង មានចេតនាទម្លាយពាក្យសន្ទនាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ Jakjaan និងស្វាមី Hi-So មានមុខជំនួញធំក្នុងដៃ។
ផលប៉ះពាល់នេះបានធ្វើឱ្យអតីតតារាសម្ដែងរបស់ CH7 ដឹងដៃគូស្នេហ៍ខ្លួនទៅដាក់ពាក្យបណ្ដឹងដើម្បីស្វែងរកយុត្តិធម៌និងភាពស្អាតស្អំ ហើយជាលទ្ធផលនៅពេលនេះអតីតអ្នកចាត់ការរបស់កញ្ញានិងអតីតមិត្តស្និទ្ធស្នាលរបស់កញ្ញាកំពុងស្ថិតក្នុងការស៊ើបសួរពីសមត្ថកិច្ចនគរបាល៕
