កណ្តាល ៖ ជនសង្ស័យ២នាក់ មានម្នាក់ជាអនីតិជន សកម្មខាងដើរលួច សម្ភារៈ កង់ ម៉ូតូ រថយន្ត ត្រូវបានកម្លាំងជំនាញស្រុកកៀនស្វាយ សហការជាមួយកម្លាំងស្រុកកំពង់ត្របែក ស្រាវជ្រាវតាមចាប់ខ្លួនបាន កាលពី២និង០៥នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានរួមមាន ៖ ទី១ ឈ្មោះ លី អេ ភេទប្រុសស អាយុ២៣ឆ្នាំ បុខរបរ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ម៉ៅ ភឹម ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ នៅផ្ទះ ។ អ្នកទាំងពីរមានទីលំនៅ ភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ ទេព វណ្ណា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ រថយន្តដែលជនសង្ស័យលួច កូរ៉េ ម៉ាកKIA TITAN ពណ៌ខៀវ ផលិតឆ្នាំ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2I-4586 ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដើរលួចបានសម្រេចចំនួន៥លើកមកហើយ លើកចុងក្រោយ ធ្វើសកម្មភាពលួចរថយន្តនៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលារំលងអធ្រាត្រចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ តាមចាប់ឃាត់ខ្លួនបានដល់ខេត្តព្រៃវែង ។

សមត្ថកិច្ចបន្តទៀតថា កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ លី អេ បានលួចម៉ូតូរទេះលក់មីឆា នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានសម្រេចហើយ ជិះយកទៅផ្ទះនៅឯស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លុះមកដល់រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានបបួល ឈ្មោះ ម៉ៅ ភឹម ធ្វើដំណើរតាមរុឺម៉កវិលទៅក្រុងភ្នំពេញ ដោយធ្វើដំណើរកាត់តាមស្រុកល្វាឯម ខេត្តកណ្តាល លួចបានកង់មួយគ្រឿង លើកដាក់រុឺម៉ក ហើយបន្តដំណើរឆ្លងដរ កោះពេជ្រ ទៅដល់ខាងក្រោយមន្ទីរពេទ្ររបេង សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង គាប់ជួនរុឺម៉កម៉ូតូខូចក៏ទុកចោល ឃើញម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HG-8640ចតទុកមុខផ្ទះ ក៏នាំគ្នាលួច បានហើយបើកឆ្លងស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ១ឆ្ពោះទៅស្រុកកៀនស្វាយ នៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ ដល់ចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បន្តលួចរថយន្ត កូរ៉េ ម៉ាកKIA មួយគ្រឿងបើកយកទៅដល់ផ្ទះ នៅឯភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លុះដល់រសៀលថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។

ប្រវត្តនៃការលួចរបស់ជនសង្ស័យ ៖ លើកទី១ លួចបានទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone 5 ពណ៌ស  ប្រព្រឹត្តនៅ ខេត្តមណ្ឌលគីរី ។ លើកទី២ លួចបានទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌ ទឹកប្រាក់ ប្រព្រឹត្តនៅស្រុកបានលុង ខេត្តរតនគីរី ។  លើកទី៣ លួចបានទូរស័ព្ទដៃមួយគ្រឿងម៉ាក SAMSUNG  ពណ៌ក្រហម ប្រព្រឹត្តនៅនៅផ្ទះទឹក១០០ខ្នង ខេត្តត្បូងឃ្មុំ ។ លើកទី៤ លួចបានម៉ូតូសណ្តោងរ៉ឺម៉កចំនួន ០១ គ្រឿង ប្រព្រឹត្តនៅ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។ លើកទី៥ លួចបានរថយន្តចំនួន០១ គ្រឿង ម៉ាកKIA TITAN  ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2I-4586  នៅចំណុចភូមិព្រែកស្វាយ ២ ឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបាននាំទៅសាកសួរនៅផ្នែកជំនាញ ស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.