សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើអនុប្រធានគណៈកម្មការអឺរ៉ុប ពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មលើរុស្ស៊ី។ «ចំពោះករណីរុស្ស៊ី និងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ី»។ នេះបើតាមសម្រង់ព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្រ្តី។

បើតាមសម្ដេចតេជោ ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស៊ីទេ ប៉ុន្តែវាធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សង្គមទាំងនៅអឺរ៉ុប និងទូទាំងពិភពលោកផង។ ការស្នើនេះ គឺនាឱកាសសម្ដេចតេជោ ហ៊ុន សែន ទទួលជួបតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបនៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។

ក្នុងជំនួបជាមួយសម្ដេចតេជោ ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា។

បើតាមប្រភពដដែល ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស បានពិភាក្សាជាមួយសម្ដេចតេជោ អំពីបញ្ហាកិច្ចសហប្រតិបត្តិការការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា ករណីអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប និងបញ្ហារស្ស៊ី អ៊ុយក្រែន រួមទាំងករណីមីយ៉ាន់ម៉ាផងដែរ។

ដោយឡែកករណី E B A សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីអ្វីដែលបានលើកឡើងកន្លងមកនោះ គឺកម្ពុជា មិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ៕

Share.