សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថា ការចាប់ឆ្នោតចែកពូលនៃព្រឹត្តិការណ៍បាល់ទាត់បុរសធំជាងគេក្នុងតំបន់អាស៊ានAFF Championship ឬហៅឈ្មោះថា AFF Suzuki Cup 2020 នឹងធ្វើឡើងនៅថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១ ខណៈទីកន្លែង និងរូបមន្តប្រកួតនឹងប្រកាសនៅពេលបន្ទាប់។

តាមផែនការ ពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2020 ដែលមានប្រទេសក្នុងតំបន់អាស៊ាន ១១ប្រទេសចូលរួមនោះ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ពោលគឺបន្ទាប់ពីការលើកពេលប្រកួតដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់និងសាកលលោក។
ឯកឧត្តម ខៀវ សាម៉េត ជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ត្រូវបានស្រង់សម្តីនៅលើសេចក្តីជូនដំណឹងថា៖«យើងមានសេចក្តីសោមន្សរីករាយ សូមប្រកាសកាលបរិច្ឆេទនៃការចាប់ឆ្នោតចែកពូលជាផ្លូវការសម្រាប់ការប្រកួតឆ្នាំនេះ។ AFF មានគោលបំណងពេញលេញក្នុងការរៀបចំការប្រកួតក្រោមរូបមន្តពេញលេញមួយ និងមានកាលវិភាគរបស់ខ្លួន រួមទាំងការប្រកួតក្នុងដី(Home) និងក្រៅដី(Away) នៅគ្រប់ដំណាក់កាលនៃការប្រកួត។ ប៉ុន្តែយើងក៏ទទួលស្គាល់នូវតម្រូវការនៃការស្រាវជ្រាវ និងត្រៀមសម្រាប់ផលប៉ះពាល់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលអាចរាប់បញ្ចូលនៃជម្រើសរូបមន្តផ្សេងទៀត ការប្រើប្រាស់ទឹកដីកណ្តាល (Centralized Venues) រួមមួយសម្រាប់ព្រឹត្តិការណ៍នេះដែលនឹងត្រូវធ្វើឡើងនៅខែកក្កដា»។

ព្រឹត្តិការណ៍ AFF Championship រៀបចំឡើងដំបូងចាប់ពីឆ្នាំ១៩៩៦ មកដែលកាលណោះដាក់ឈ្មោះថា Tiger Cup តែចាប់ពីឆ្នាំ២០០៨ មកបានប្តូរឈ្មោះទៅជា AFF Suzuki Cup ឱ្យស្របតាមម្ចាស់ឧបត្ថម្ភ និងរៀបចំរាល់២ឆ្នាំម្តង។ ក្រុមកម្ពុជា មិនធ្លាប់ឆ្លងផុតវគ្គចែកពូលម្តងណានោះទេ តាំងពីពានរង្វាន់នេះបង្កើតមក ខណៈក្រុមថៃ ឈ្នះជើងឯកបានច្រើនជាងគេគឺរហូតដល់៥ដង ហើយក្រុមវៀតណាម ជាម្ចាស់ជើងឯកឆ្នាំចាស់ ២០១៨៕

