ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង អ្នកបើកបរស្រវឹងស្រាបើករេចង្កូតទៅបុកពីមុខរុឺម៉កម៉ូតូដឹកទឹកសុទ្ធ កំពុងបើកច្រាសទិស បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសស្រាលម្នាក់ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ ហូ តូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ កំព្រាឪពុក មានតែម្តាយទៅធ្វើការងារនៅឯខេត្តព្រះសីហនុ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្នាក់ទៀត ជាកម្មករ រួមដំណើរជាមួយរងរបួសស្រាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AN-2211 បើកបរដោយបុរសម្នាក់ ក្នុងសភាពស្រវឹង បានបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ទៅបុកចំពីមុខរុឺម៉កម៉ូតូដឹកទឹកសុទ្ធ កំពុងបើកច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់នៅគ្លីនិកឯកជន ចំណែកម្នាក់ទៀតរងរបួសស្រាល ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់បានអ្នកបើកបរ នាំយកទៅប៉ុស្តិ៍ ហើយប្រគល់រថយន្តនិងរុឺម៉កម៉ូតូ រួមជាមួយអ្នកបើកបររថយន្ត ទៅឲ្យការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.