ឯកឧត្តម គីម រិទ្ធិ អតីតអភិបាលរងខេត្តកណ្ដាល ដែលទើបតែត្រូវបានផ្ទែរទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានប៉ុន្មានខែ មុនពេលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះវិហារ តាមសំណើរសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជានោះ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានចូលកាន់មុខតំណែងផ្លូវការជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារជំនួសឯកឧត្តម ប្រាក់ សុវណ្ណ ដែលកាន់មុខតំណែងនេះបាន៣ឆ្នាំ១ខែ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តព្រះវិហារថ្មីរួមជាមួយនឹងអភិបាលរងខេត្តថ្មី២រូបទៀត។

ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើរបាយការណ៍អំពី សមិទ្ធផលនានាបានកើតឡើងក្នុងអាណត្តិជាអភិបាលខេត្តព្រះវិហាររបស់ឯកឧត្តម និងបានសម្ដែងនូវមនោសញ្ចេតនារីករាយ ចូលរួមអបរសារទរឯកឧត្តម គីម រិទ្ធី សម្រាប់ការចូលកាន់មុខតំណែងជាអភិបាលខេត្តថ្មីរួមជាមួយនឹងអភិបាលរងខេត្ត២រូបទៀតផងដែរ។ ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរព្រះគុណ និងអរគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងជូនសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់សេចក្ដីទុកចិត្តទូលថ្វាយ និងបានត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។

សម្ដេចក្រឡាហោម បានមានប្រសាន៍ថា ទន្ទឹមនឹងឯកឧត្តម គីម រិទ្ធី ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្ត និងមានអភិបាលរងខេត្តថ្មីចូលកាន់តំណែងដែរនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តព្រះវិហារ នឹងត្រូវបន្តទៅឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ជំនួសឯកឧត្តម ឡុង សុវណ្ណ ដែលបានសុំលាឈប់ពីប្រធានក្រុមប្រឹក្សាខេត្ត និងដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋលេខាធិការ។

សម្ដេចក្រឡាហោមក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ឯកឧត្តម ឡុង សុវណ្ណ និងឯកឧត្តម ប្រាក់ សុវណ្ណ ដែលបានខិតខំសម្របសម្រួល និងដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តព្រះវិហារ ក្នុងពេលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត និងជាអភិបាលខេត្តព្រះវិហារនារយៈពេលកន្លងទៅ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ឯកឧត្តម គីម រិទ្ធី ដែលមានបទពិសោធនកាន់មុខតំណែងជាអភិបាលរងខេត្តកណ្ដាល មុនពេលចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារ។

សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថាឯកឧត្តមអភិបាលខេត្តថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធដឹកនាំបន្តការអភិវឌ្ឍបន្ថែមទៀតនូវសមិទ្ធផល និងស្នាដៃនានាដែលថ្នាក់ដឹកនាំខេត្តមុនៗសម្រេចបាន ដើម្បីឱ្យខេត្តព្រះវិហារកាន់តែមានការរីកចំរើន។ សម្ដេចក្រឡាហោម ក៏បានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរង ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ក្រុង ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់វុធ និងប្រជាពលរដ្ឋ ផ្ដល់ការគាំទ្រឯកឧត្តម គីម រិទ្ធី៕

Share.