ភ្នំពេញ÷ រថយន្តម៉ាកKIAមួយគ្រឿងបើកបុកជាមួយរថយន្តFord Ranger ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងខ្ទាតរៀងខ្លួន និងរងរការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង ១០ នាទីយប់ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៥៩៦ កែងផ្លូវ ៣២៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកKIAមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលាកលេខភ្នំពេញ2BK-0360 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-8744ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣២៧ ទិសដៅពីកើតទៅលិច ចំពីចំហៀងខាងឆ្វេង បណ្ដាលឲ្យរថយន្ត Ford Ranger ខ្ទាតទៅលើចិញ្ចើមផ្លូវជាប់របងផ្ទះប្រជាពលរដ្ឋ ចំណែករថយន្តKIAខ្ទាតទៅប៉ះនិងបង្គោលភ្លើង និងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ÷ទូច វិច្ឆិកា

Share.