ឯកឧត្ដម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សានិងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។ កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។

កម្ពុជាត្រូវបានក្រសួងការបរទេសអាមេរិកទម្លាក់ចំណាត់ថ្នាក់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដល់បាតតារាង។ ចំណាត់ថ្នាក់នេះ មានន័យហាក់ដូចជាថាប្រទេសកម្ពុជាជាប្រទេសគ្មានឆន្ទៈប្រយុទ្ធប្រឆាំងទាល់តែសោះលើបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ កម្ពុជាបានប្រតិកម្មថាជាចំណាត់ថ្នាក់អយុត្តិធម៌ ប៉ុន្តែក៏បានអះអាងថានឹងពិនិត្យការងារនេះឡើងវិញផងដែរ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានប្រាប់អង្គប្រជុំថា «ត្រូវត្រួតពិនិត្យឡេីងវិញទាំងអស់គ្នា និងផ្តល់នូវមតិយោបល់ជាធាតុចូលទៅលេីសេចក្តីព្រាងផែនការស្ដីពីចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ» មុននឹងឆ្លងថ្នាក់ដឹកនាំសម្រេច។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សានិងសមិទ្ធផលនានា នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ធ្លាប់មានប្រសាន៍បង្ហាញការភ្ញាក់ផ្អើលចំពោះការដាក់ចំណត់ថ្នាក់នេះថា«ខ្ញុំក៏បារម្ភឬក៏ថាមានការភ្ញាក់ផ្អើលដែរ ព្រោះខ្ញុំក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង»។

សម្ដេចហាក់មានមន្ទិលចំពោះការវាយរតម្លៃចំណាត់ថ្នាក់នេះ ដោយសម្ដេចបានចោទសួរពីមនោសញ្ចេតនានៃការវាយតម្លៃ។ សម្ដេចបន្ថែមថា«ខ្ញុំមានការបារម្ភលើលក្ខខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការវាយតម្លៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដោយស្មោះជាមួយគ្នា។ យ៉ាងណាក៏ដោយយើងនឹងមិនដកថយឡើយ យើងនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយ»។

សូមបញ្ជាក់ថានៅរសៀលថ្ងៃទី៩ ខែសីហានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិងកំពុងដឹកនាំកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ នេះបើតាមការថ្លែងឱ្យដឹងរបស់សម្ដេចក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសិស្សនគរបាលជាតិសាលាភូមិភាគ២នាព្រឹកថ្ងៃទី៩ ខែសីហា៕

Share.