យោងតាមសារព័ត៌មាន CNN បានចេញផ្សាយនាថ្ងៃ ពុធ ទី ១០ ខែ សីហា​ ឆ្នាំ ២០២២ ថាភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារផ្ទះ ផ្លូវថ្នល់ យានយន្ដ និង ស្ថានីយ៍រថភ្លើងក្រោមដី ក្នុងទីក្រុង សេអ៊ូល របស់កូរ៉េខាងត្បូងនាសប្ដាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ បើទោះបីជាទឹកជំនន់ហាក់បីដូចជាថមថយបន្ដិចក្ដី ដោយអ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ភ្លៀងអាចនឹងធ្លាក់មកបន្ថែមទៀតហើយអាចឈានដល់ការអិលបាក់ដីទៀតផង។

ប៉ុន្ដែបើយោងតាមសារព័ត៌មានក្នុងស្រុក Yonhap បានឲ្យដឹងថា បច្ចុប្បន្នមានមនុស្សចំនួន ១៥នាក់ស្លាប់ ​និង មនុស្សជិត ១,៦០០នាក់ បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង។

យោងតាមការព្យាករណ៍ ភ្លៀងធ្លាក់ដ៏ខ្លាំងនេះបានធូរស្បើយជាងកាលពីថ្ងៃ ច័ន្ទ និង ថ្ងៃ អង្គារ ប៉ុន្ដែភ្លៀងនៅតែបន្ដធ្លាក់នៅថ្ងៃ ពុធ នេះ ខណៈរដ្ឋបាលឧតុនិយមកូរ៉េបាននិយាយថា ភ្លៀងធ្លាក់រហូតដល់ ៣០០មីលីម៉ែត្រ បន្ថែមទៀត ត្រូវបានព្យាករណ៍សម្រាប់តំបន់រដ្ឋធានីរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយខេត្ត ជីយ៉ុងហ្គី (Gyeonggi) ភាគខាងត្បូងទំនងជានឹងមានភ្លៀងធ្លាក់លើសពី ៣៥០មីលីម៉ែត្រ ដែលអាចនាំឲ្យ។

យោងតាមក្រសួងមហាផ្ទៃ និង សុវត្តិភាពរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា អ្នកស្លាប់ចំនួន ៣នាក់ បានជាប់គាំងនៅក្នុងបន្ទប់ក្រោមដី ដោយក្រសួងបាននិយាយថា មនុស្សចំនួន ១៧នាក់​ផ្សេងទៀត រងរបួស ហើយមនុស្សយ៉ាងហោចណាស់ ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

ទិន្នន័យបានបង្ហាញថា ទឹកជំនន់ជន់លិចក្នុងអគារមួយចំនួនជុំវិញស្រុក កាងណាម (Gangnam) នៅតែបន្តកាលពីថ្ងៃអង្គារ ហើយស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវជាច្រើននៅទីនោះត្រូវបានបិទជាបណ្ដោះអាសន្ន។

ផ្ទះ និងអគារចំនួន ២,៨០០ខ្នង បានរងការខូចខាតនៅទូទាំងប្រទេស ហើយមនុស្សជាង ១,១០០គ្រួសារ ត្រូវជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព រីឯផ្លូវហាយវេ និងផ្លូវក្រោមដីជាច្រើនកន្លែង កំពុងត្រូវបានបោសសម្អាតនៅថ្ងៃពុធនេះ។

ដោយឡែក ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានព្យាករថា ភ្លៀងនឹងបន្តធ្លាក់នៅតំបន់ភាគច្រើននៃប្រទេសកូរ៉េខាងត្បូង ជាពិសេសភ្លៀងធ្លាក់ខ្លាំងអាចកើតមាន នៅក្នុងខេត្តជុងឆឹង (Chungcheong) ប៉ុន្តែឥទ្ធិពលភ្លៀងនៅក្នុងតំបន់រដ្ឋធានីសេអ៊ូល និងខេត្តកាងវ៉ុននឹងថយចុះបន្តិចម្តងៗ។

សូមជម្រាបថា ប្រទេសជាច្រើននៅអាស៊ីបូពា៌ឥឡូវនេះកំពុងជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងជារៀងរាល់ថ្ងៃ ដោយខ្យល់មូសុងរដូវក្ដៅ ត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំង និង មិនអាចទាយទុកជាមុនបាន នៅពេលដែលផែនដីឡើងកម្ដៅ នេះបើយោងតាមក្រុមអន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ CNN

ចុចអាន៖ ជំនន់ទឹកភ្លៀង ៨០ឆ្នាំមានម្ដង សម្លា.ប់មនុស្ស ៨នាក់ បាត់ខ្លួន ៦នាក់ នៅកូរ៉េខាងត្បូង

Share.