ក្រោយ​មាន​ដំណឹង​លេច​ឮ​ថា​តារា​ចម្រៀង​ Taylor Swift គឺ​ជា​ម្ចាស់​ពាន​បង្កើត​ Carbon Footprint ដោយ​សារ​តែ​ប្រើ​យន្ត​ហោះ​ Jet ផ្ទាល់​ខ្លួន​មិន​យូរ​ប៉ុន្មាន​ផង​ស្រាប់​តែ​មាន​ដំណឹង​លេច​ឮ​ចេញ​មក​ថ្មី​មក​បង្ក​ក្ដី​រំខាន​ដល់​ជីវិត​តារា​ចម្រៀង​ Taylor Swift រូប​នេះ​ជា​ថ្មី ព្រោះ​រឿង​ក្ដី​ចាស់​ដែល​ឈប់​ប្ដឹង​តាំង​ពី​ឆ្នាំ​២០១៨​ ត្រូវ​លើក​យក​មក​ពិចារណក្ដី​ម្ដង​ទៀត​។

ត្រលប់​ទៅ​ឆ្នាំ​២០១៧ Taylor ត្រូវ​បាន​អ្នក​តែង​ភ្លេង​ Sean Hall និង​ Nathan Butler ប្ដឹង​ពី​បទ​ល្មើស​សិទ្ធិ​បញ្ញា​បទ​ចម្រៀង​ «Playas Gon Play» ដោយ​សារតែ​បទ​ «Shake it Off» របស់​ Taylor មាន​ការ​ប្រើប្រាស់​ពាក្យ​ Playas និង​ Haters នៅ​ក្នុង​បទ​របស់​ខ្លួន​ ដោយ​អ្នក​និពន្ធ​ទាំង​ពីរ​រូប​នេះ​យល់​ឃើញ​ដូច​គ្នា​ថា​ Taylor Swift ល្មើស​សិទ្ធបញ្ញា​បទ​ចម្រៀង​របស់​ពួក​គេ​។

ខាង​ក្រោម​នេះ​គឺ​ជា​ប៉ារ៉ូល​ចម្រៀង​ដែល​អ្នក​និពន្ធ​ Sean Hall និង​ Nathan Butler អះអាង​ថា​ Taylor យក​ពាក្យ​របស់​គេ​ទៅ​ប្រើ​

Playas, they gonna play
And haters, they gonna hate
Ballers, they gonna ball
Shot callers, they gonna call

ចំណែក​ខាង​ក្រោម​នេះ​គឺ​ចំណុច​ប៉ារ៉ូល​នាំ​រឿង​ក្នុង​បទ​ចម្រៀង​ «Shake it off» របស់​ Taylor

Cause the players gonna play, play, play, play, play
And the haters gonna hate, hate, hate, hate, hate
Baby, I’m just gonna shake, shake, shake, shake, shake
I shake it off, I shake it off

កាល​ពី​ឆ្នាំ​២០១៨ រឿង​ក្ដី​នេះ​ត្រូវ​បាន​ទាត់ចោល ​ដោយ​សារ​តែ​រដ្ឋអាជ្ញា​ Michael W. Fitzgerald បាន​កាត់​ក្ដី​ថា​ប៉ារ៉ូល​ចម្រៀង​របស់​ Sean Hall និង​ Nathan Butler គ្រាន់​តែ​ជា​ពាក្យ​ខ្លីៗ​អត់​មាន​អ្វី​ប្លែក​ថ្មី ឬ​អត្ថន័យ​ Creative អ្វី​ ដែល​ចាំ​បាច់​ត្រូវ​ផ្ដល់​កម្មសិទ្ធិ​បញ្ញា​ ដោយ​រដ្ឋអាជ្ញា​រូប​នេះ​បាន​លើក​យក​បទ​ចម្រៀង​ផ្សេង​ៗទៀត​ចំនួន​១៣​បទដែល​មាន​តន្ត្រី​ប្រហាក់ប្រហែល​មក​និយាយ​ផង​ដែរ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​កើត​ជា​សេចក្ដី​សន្និដ្ឋាន​ថា​ហេតុ​អ្វី​ អ្នក​និពន្ធ​ទាំង​ពីរ​រូប​ខាង​លើក​មិន​ព្រម​ប្ដឹង​បទ​ទាំង​នេះ​ផង​?

ប៉ុន្តែ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១ រឿង​ក្ដី​នេះ​ត្រូវ​បាន​លើក​យក​កាត់​ក្ដី​ឡើង​វិញ​ព្រោះ​តែ​សាលាឧទ្ធរ​រដ្ឋបាល​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក​ ត្រលប់​មក​កាត់​រឿង​នេះ​ដោយ​ហេតុផល​ថា​ « រដ្ឋអាជ្ញា​លោក Fitzerald ប្រញាប់​កាត់​សេចក្ដី​បញ្ចប់​រឿង​នេះ​លឿន​ពេក​ ចំណែក​បទ​ចម្រៀង​ «Playas Gon’ Play» ក៏​មាន​បង្កប់​ដោយ​គំនិត Creative គ្រប់​គ្រាន់គួរ​តែ​​ទទួល​បាន​សិទ្ធិ​រក្សា​កម្មសិទ្ធិ​បញ្ញា​បទ​​ចម្រៀង​។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ទើប​លោក​រដ្ឋអាជ្ញា​ Fitzerald ចាំ​បាច់​ត្រូវ​តែ​ត្រលប់​មក​កាត់​ក្ដី​រឿង​នេះ​ឡើង​វិញ​។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២ Taylor Swift បាន​ចេញ​មក​បដិសេធ​ថា​កញ្ញា​មិន​បាន​ល្មើស​សិទ្ធបញ្ញា​បទ​ចម្រៀង​ខាង​លើ​នេះ​ទេ​ ហើយ​កញ្ញា​ក៏​បាន​និយាយ​ទៀត​ថា​កញ្ញា​មិន​ដែល​ធ្លាប់​ឮ​បទ​ចម្រៀង​ទាំង​អស់​នេះ​ពីមុន​មក​ទេ​ កញ្ញា​ថែម​ទាំង​អត្ថាធិប្បាយ​ទៀត​ថា​ប៉ារ៉ូល​ដែល​នាំ​បញ្ហា​នោះ​ដែរ​ថា​ «នៅ​ក្នុង​ការ​សរសេរ​ប៉ារ៉ូល​ចម្រៀង​ ខ្ញុំ​បាន​ដាក់​បញ្ចូល​បទ​ពិសោធ​មួយ​ចំនួន​ផ្ទាល់​ខ្លួន​ខ្ញុំ​ចូល​ទៅ​ក្នុង​នោះ​ ជា​ពិសេស​រឿង​ដែល​អ្នក​គ្រប់​គ្នា​ចង់​ដឹង​ទាក់ទង​នឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ព័ត៌មាន​ចេះ​តែ​ដាក់​ចំណង​ជើង​ អ្នក​កាសែត​ចេះតែ​បង្កើត​រឿង​ក្នុង​អ៊ិនធឺណិត​ និង​ការ​រិះគន់​បែប​ជាន់​ពន្លិច​ផ្សេង​ៗ​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ដឹង​ថា​ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​បោះ​វា​ចោល​ហើយ​មក​ផ្ចង់​ស្មារតី​លើ​ការ​និពន្ធ​បទ​ចម្រៀង​របស់​ខ្ញុំ​វិញ​!

ចំណែក​លោក Peter Anderson មេធាវី​របស់​ Taylor ក៏​បាន​ចេញ​មក​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​មាន​ការ​បិទ​រឿង​ក្ដី​នេះ​ផង​ដែរ ដោយ​លោក​អះអាថ​ថា​មិនមាន​ក្រុម​ការងារ​ណាមួយ​អាច​កំណត់​ពាក្យ​និយាយ​ដែល​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​វប្បធម៌​តន្ត្រី​ប៉ុប​បាន​នោះទេ​។

កាល​ពី​អតីត​កាល​រឿង​ក្ដី​​ល្មើស​កម្មសិទ្ធិ​បញ្ញា​នេះ​ធ្លាប់​កើត​ឡើង​ជា​ច្រើន​ករណី​ហើយ​ ទីបញ្ចប់​នៃ​រឿង​ក្ដី​នីមួយ​ៗ​មាន​លទ្ធផល​ខុស​ៗ​គ្នា ដូច្នោះ​ហើយ​មាន​តែ​តាមដាន​ជា​បន្ត​ទៀត​នោះ​ទេ​​ថា​តើ​រឿង​ក្ដី​នេះ​ទី​បញ្ចប់​ទៅ​ នឹង​ទៅ​ជា​យ៉ាង​ណា​ ហើយ​រវាង​ភាគី​ Taylor Swift និង​អ្នក​និពន្ធ​ទំនុក​ច្រៀង​ទាំង​ពីរ​រូប​ខាង​លើ​អ្នក​ណា​ជា​អ្នក​យ៉ាង​ពិត​ប្រាកដ​?

Share.