ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង ខណៈដែលបើកវិលត្រឡប់មកពីដាក់អីវ៉ាន់ឲ្យម៉ូយវិញ សុខៗស្រាប់តែឆាបឆេះចេញជាអណ្តាតភ្លើងសន្ធោសន្ធៅ អ្នកបើកបរលោតចុះចេញ ផ្អើលពលរដ្ឋជួយពន្លត់ភ្លើង បណ្តាលឲ្យខូចខាតមួយកំណាត់មុខ កាលពីវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវ២៧១ ទល់មុខផ្សារហេងលី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS-6036 ដឹកតុ ទូ យកទៅដាក់ឲ្យម៉ូយនៅ ក្បែរមន្ទីរពេទ្យលោកសង្ឃ លុះវិលត្រឡប់មកវិញ គោលបំណងឆ្ពោះទៅហាងនៅម្តុំចំការដូង ខណ្ឌដង្កោ ដោយបើកពីជើងទីត្បូង ដល់ចំណុចកើតហេតុ សុខៗស្រាប់តែឆាបឆេះឡើង បង្កឲ្យភ្ញាក់ផ្អើល អ្នកបើក លោតចេញ បងប្អូនប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើង ។

ករណីខាងលើមិនបង្កឲ្យប៉ះពាល់ដល់អ្នកដទៃ ពោលខូចខាតតែម៉ូតូកង់បី ហើយត្រូវបានម្ចាស់អូសយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.