កណ្តាល ៖ រថយន្តសណ្តោងទ្រុងបែនដឹកថ្មមួយគ្រឿងបើកលឿនបែកកង់ក្រឡាប់បោកប៉ះផ្ទះប្រជាពលរដ្ឋ តូបលក់កាហ្វេ សម្ភារៈ បង្គោលភ្លើង ស្លាកប៉ាណូ សំណាងល្អមិនបង្ករបួសដល់មនុស្ស កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2777 អូសសណ្តោងទ្រុងបែន ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0146 ដឹកថ្មពេញទ្រុង បើកល្បឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុបានផ្ទុះបែកកង់ស្តាំ បណ្តាលឲ្យទាញចង្កូតក្រឡាប់បោកប៉ះផ្ទះប្រជាពលរដ្ឋ តូបលក់កាហ្វេ បង្គោលភ្លើង ស្លាកប៉ាណូ សម្ភារៈផ្សេងៗនៅតាមមុខផ្ទះ ចាក់ថ្មចោលពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅឃាត់ខ្លួនអ្នកបើកបរ និងរករថយន្តស្ទូចលើកយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.