ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា មានការផ្ទុះឆេះឃ្លាំងផ្ទុកកាំជ្រួចនៅក្នុងផ្សារទំនើបមួយក្នុងរដ្ឋធានី យីរ៉េវាន់ (Yerevan) ប្រទេសអាមេនី (Armenian) កាលពីថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា នេះ ដោយបានសម្លាប់មនុស្ស ២នាក់ និង មនុស្ស ៦០នាក់ផ្សេងទៀតរងរបួស។ នេះបើយោងការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២។

យោងតាមខ្សែវីដេអូបានបង្ហាញថា ផ្សែងពណ៌ប្រផេះយ៉ាងក្រាស់បានហក់ឡើងពីលើអគារមួយ បន្ទាប់មកមានការផ្ទុះភ្លាមៗ ដោយឃើញមានមនុស្សជាច្រើនបានរត់ចេញពីកន្លែងកើតហេតុ។

ក្រសួងសុខាភិបាលរបស់ប្រទេសអាមេនី ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតបាននិយាយថា ចំនួនអ្នករងរបួសបានឡើងដល់ ៦០នាក់ ដែលក្នុងនោះមនុស្សចំនួន ២២បានចាកចេញពីមន្ទីរពេទ្យហើយ។ ក្រសួងបាននិយាយនៅលើ Telegram ទៀតថា មានតែមនុស្ស ២នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតក្នុងឧបទ្ទហេតុ។

ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន TASS បានដកស្រង់សម្ដីប្រធានសេវាជួយសង្រ្គោះរបស់ក្រសួងថា អ្នកពន្លត់អគ្គីភ័យកំពុងតស៊ូ ដើម្បីទប់ស្កាត់ការឆាបឆេះនេះ ខណៈកាំជ្រួចនៅតែបន្ដផ្ទុះ ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់ប្រតិបត្តិការស្វែងរក និង ជួយសង្រ្គោះ រហូតមកដល់ពេលនេះគេមិនទាន់ដឹងច្បាស់ទេថា តើកាំជ្រួចទាំងនេះផ្ទុះដោយសារអ្វីនោះឡើយ៕

ប្រភព៖ CNA

Share.