ដើម្បីជម្រះមិន្ទិលជុំវិញសំណុំរឿងមូលដ្ឋានកងទ័ពចិនកំពង់ផែរាម កម្ពុជាអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលនៅកំពង់ផែនោះដោយផ្ទាល់។

នេះបើតាមការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិប្រាប់សារព័ត៌មាន អនឡាញហ្រេសញូវស៍នៅព្រឹកថ្ងៃទី០៣ខែមិថុនានេះ។

ប៉ុន្តែពេលវេលាពិតប្រាកដ ដែលអនុព័ន្ធយោធាអាមេរិក នឹងទៅកាន់តំបន់កំពង់ផែរាមនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនោះ មិនទាន់មានការបញ្ជាក់ពីប្រមុខការពារជាតិកម្ពុជា នោះឡើយ។

សូមរំលឹកថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃមកកាន់កម្ពុជាកាលពីថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក តាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះពិនិត្យមើលកំពង់ផែនេះដើម្បីជម្រះមន្ទិលជុំវិញព័ត៌មានដែលមានការផ្សព្វផ្សាយកន្លងមកថា កម្ពុជាកំពុង តែផ្តល់ឲ្យចិនស្ថាបនាមូលដ្ឋានកងទ័ពរបស់ខ្លួន។

នាពេលកន្លងមក មេដឹកនាំកម្ពុជាក៏ដូចជាប្រមុខការពារជាតិធ្លាប់បានបញ្ជាក់ជាច្រើនដងរួច មកហើយអំពីការមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាដោយ យោងទៅលើស្មារតីនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស៕

Share.