លោកឧកញ៉ា ទុំ សារុត ហៅនាយឃ្លោក បានដកឃ្លាចេញពីសិល្បៈមួយរយៈធំ ហើយផ្តោតតែលើអាជីវកម្មផ្ទាល់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកស្ដាយសមត្ថភាពរបស់តារាកំប្លែងជើងចាស់នេះជាពន់ពេក។
យ៉ាងណាមិញអ្នកគាំទ្រដែលតែងតែនឹករលឹកដល់ការសម្ដែងកំប្លែងរបស់នាយឃ្លោក ប្រហែលជាបាត់នឹកខ្លះហើយ ព្រោះកាលពីពេលថ្មីៗនេះលោកទើបតែចេញបទចម្រៀងថ្មីមានចំណងជើងថា «ចង់ល្បី» ដែលពេលនេះកំពុងតែទាញបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

បទចម្រៀងចង់ល្បីទើបតែចេញបានត្រឹម ៤ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់តាំងពីថ្ងៃទី១១ ខែសីហា រហូតមកដល់ថ្ងៃទី១៥ ខែសីហា មានចំនួនទស្សនាជាង៦០០K ចំនួនចុចចូលចិត្តបទនេះជាង29K ខណៈដែលចំនួនចែករំលែកមានជាង១៥K។
បទចម្រៀងថ្មីនេះ បើស្ដាប់អត្ថន័យខ្លឹមសារមានភាពចាក់ដោតគួរសមដែរ ពិសេសគឺត្រូវនឹងរឿងក្នុងសង្គមបច្ចុប្បន្ននេះ ដែលបុគ្គលមួយចំនួនហ៊ានធ្វើរឿងប្លែកៗដូចជា ញ៉ាំស្មៅ ញ៉ាំដង្កូវដើម្បីយកល្បី ចំណែកឯបុគ្គលខ្លះទៀត ដល់ថ្នាក់យកសាច់រឿងគ្រួសាររបស់ខ្លួនមកហែកហួរគ្នានៅខាងក្រៅ ព្រោះតែចង់ឱ្យមានមនុស្សចូលមើលវីដេអូរបស់ខ្លួនដូចក្នុងឃ្លាផ្ដើមបទចម្រៀងរបស់លោកបានច្រៀងរៀបរាប់ថា៖ «សម័យនោះចង់ល្បីមានប្រុសស្រីធ្វើឆ្កួតៗ ឡប់ឡែវ៉ែរហូតប្រឹងភរភូតអ្នកដទៃ ស៊ីស្មៅស៊ីដង្កូវ សត្វរយពាន់ព្រោះចង់ល្បី ម៉ែឪប្រដៅស្ដីធ្វើវាហ៊ីមិនព្រមស្ដាប់ ខ្ញុំឃើញមានអ្នកខ្លះធ្វើលែងលះប្ដីប្រពន្ធ ដៀមដាមជេរធ្ងន់ៗ មនុស្សសែនពាន់ចូលមើលស្ដាប់។

បទចម្រៀងដែលនិពន្ធទំនុកច្រៀងថ្មីនិងច្រៀងដោយឧកញ៉ា ទុំ សារុត នេះ ជាបទចម្រៀងលំនាំដើមរបស់លោក មាស សាម៉ន មានចំណងជើងថា «ទៅដណ្ដឹងកូនគេ»។
គ្រាន់តែចំនួន Like Share និង View អាចសបញ្ជាក់យ៉ាងច្បាស់ហើយថាបទ «ចង់ល្បី» របស់នាយឃ្លោកទទួលបានការចាប់អារម្មណ៍ច្រើនប៉ុណ្ណោះ ហើយបើមើលលើ Comment របស់អ្នកលេងបណ្ដាញសង្គមវិញនោះ មួយភាគធំគឺគាំទ្រចំពោះអត្ថន័យនៃបទចម្រៀងរបស់នាយឃ្លោកថា៖ «អត្ថន័យល្អ ជាសារអប់រំដល់សង្គម អោយភ្ញាក់ខ្លួន» «សរសើរអ្នកនិពន្ធចំៗគ្មានខុស100% « «ពូឃ្លោកច្រៀងមួយបទនេះត្រូវនឹងសង្គមយើងបច្ចុប្បន្ន ចាក់ដោត ហើយមានអត្ថន័យ» «លោកពូច្រៀងពិរោះណាស់ហើយមានន័យខ្លឹមសារល្អៗណាស់ពេញចិត្ត100%»។

សម្រាប់អ្នកដែលចូលចិត្តតាមដានសាច់រឿងលើបណ្ដាញសង្គម បានលើកឡើងថាអត្ថន័យ ដែលនាយឃ្លោក ច្រៀងរៀបរាប់ក្នុងចម្រៀងថ្មីនេះ ប្រហែលជាដៀមដាមឱ្យនារីអំបិលម្ទេស ដែលនិយមថតវីដេអូស៊ីគ្រប់យ៉ាងមិនរើស ក៏ដូចជាជម្លោះផ្អើលប្រទេសអេដមីនជីងចក់ និងភរិយាអ្នកនាង ទ្រិញ ផល្លាក៏ថាបាន។ ប៉ុន្តែអ្នកខ្លះទៀតថានាយឃ្លោកអាចនិពន្ធអត្ថន័យទៅតាមរឿងពិតជាក់ស្ដែងផ្សេងៗ ដែលកើតមានរាល់ថ្ងៃក្នុងសង្គមខ្មែរ ប្រហែលមិនសំដៅទៅដល់បុគ្គលណាម្នាក់ចំៗនោះឡើយ។
នាយឃ្លោក កើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៥៧ នៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្ដស្វាយរៀង ។ លោក ជាកូនទី៦ក្នុងចំណោមបងប្អូន១០នាក់ ប្រុស៦នាក់ ស្រី៤នាក់។ ឪពុករបស់លោកមានឈ្មោះព្រំ ឆែម និងម្ដាយរបស់លោកឈ្មោះមាស ហ៊ាន ជាកសិករ ប៉ុន្តែលោកទាំង២បាន បាត់បង់ជីវិតនៅសម័យរបបប៉ុល ពត ។ លោក ទុំ សារុត ហៅនាយឃ្លោក បានទទួលបានគោរមងារឧកញ៉ាពីព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤៕



សូមទស្សនាវីដេអូនេះ ៖
