រតនគិរី ៖ បុរសម្នាក់រួមជាមួយកូនប្រុសអាយុ៥ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ គ្រាដែលកំពុងជិះម៉ូតូឌុបកូនប្រុសឆ្លងផ្លូវ ត្រូវបានរថយន្តហ្វ័តបើកបុកពីក្រោយ ផ្លោងខ្ទាតជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៧៨ ចំណុចភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី ។

ជនរងគ្រោះទាំង២នាក់ស្លាប់ក្នុងហេតុការណ៍ មានឈ្មោះ ហុីង សុីវ៉ូន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅក្នុងភូមិ២ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។ ចំណែកកូនប្រុសឈ្មោះ សុីវ៉ូន លីម៉ា អាយុ៥ឆ្នាំ ជនជាតិខ្មែរ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ឌុបកូនប្រុស ជិះពីលិចទៅកើត ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះស្រាប់តែមានរថយន្តម៉ាកហ្វ័ត ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PNR-8696 បើកល្បឿនលឿនពីលិចទៅកើត លឿនជ្រុលបុកពីក្រោយ បណ្តាលឲ្យផ្លោងខ្ទាតជាច្រើន ម៉ែត្រ ស្លាប់ទាំង២នាក់ឪពុកកូន រីឯអ្នកបើកបររថយន្ត មិនបង្អង់យូរចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.