អាជ្ញាធរថៃបាននិយាយនាថ្ងៃ ពុធ ទី ១៧ ខែ សីហា​ នេះថា មានការផ្ទុះ និង មានអគ្គីភ័យបានឆាបឆេះទីតាំងនានាចំ​នួន ១៧កន្លែងផ្សេងគ្នា កើតឡើងនៅក្នុងខេត្តចំនួន ៣ នៅភាគខាងត្បូងប្រទេសថៃ​បណ្ដាលឲ្យមនុស្ស ៧នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលីស និង យោធា បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក និង ការដុតបំផ្លាញបានកើតឡើងនាពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែ សីហា ហើយគេបានកំណត់គោលដៅលើហាងលក់ទំនិញ និង ស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែងនៅទូទាំងខេត្តចំនួន៣ បណ្ដាលឲ្យមនុស្សយ៉ាងតិច ៧នាក់រងរបួស។

ការបំផ្ទុះគ្រាប់បែកនេះកើតឡើងនៅតាមស្ថានីយ៍ប្រេងឥន្ទនៈ និងតាមផ្សារទំនើប ខណៈសមត្ថកិច្ចបានរកឃើញកន្លែងបំផ្ទុះនៅខេត្តប៉ាតានី ២ កន្លែង នៅខេត្តយ៉ាឡា ៤ កន្លែង និងនៅខេត្តណារ៉ាធីវ៉ាត់ចំនួន ៥ កន្លែង ។

រហូតមកដល់ពេលនេះគ្មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ខណៈដែលការខូចខាតពីការបំផ្ទុះគ្រាប់បែកនេះនៅមិនទាន់បានបញ្ជាក់នៅឡើយ។ ប៉ុន្ដែប៉ូលីសការកំណត់អត្តសញ្ញាណជនដៃដល់បង្កហេតុមានជាច្រើនចំណុច ដោយចំណុចដែលប៉ូលីសថៃកំណត់បាននោះគឺ ជនដៃដល់បានប្រើម៉ូតូជាមធ្យោបាយសម្រាប់បង្កហេតុ ហើយពេលពួកគេជិះដល់គោលដៅ រួចធ្វើសកម្មភាពគប់គ្រាប់បែកតែម្ដង។

សូមជម្រាបថា ខេត្តនានានៅភាគខាងត្បូងប្រទេសថៃ តាមបណ្ដោមព្រំដែនជាមួយម៉ាឡេស៊ីបានរកឃើញការបះបោរកម្រិតទាបជាច្រើនទស្សវត្សរ៍មកហើយ ដែលរដ្ឋាភិបាលថៃបានប្រយុទ្ធជាមួយក្រុមស្រមោល ដែលស្វែងរកឯករាជ្យសម្រាប់ខេត្តដែលភាគច្រើនមានដូចជា ខេត្ត ប៉ាតានី ខេត្ត យ៉ាឡា និង ខេត្ត ណារ៉ាធីវ៉ាត់ ក្នុងនោះក៏មានផ្នែកខ្លះនៃខេត្ត Songkhla ដែលស្ថិតនៅជិតខេត្តកោះកុងរបស់កម្ពុជាដែរ៕

ប្រភព៖ CNN

Share.