ភ្លៀងធ្លាក់យ៉ាងគំហុកបានបោកបក់នៅភាគខាងលិច និង ខាងជើង នៃកោះភាគខាងត្បូងរបស់ប្រទេសនូវែលសេឡង់រយៈពេល ៣ថ្ងៃ ជាប់ៗគ្នា នាថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ សីហា ដោយបង្ខំឲ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទន្ទឹមនោះផ្លូវថ្នល់ សាលារៀន និង កន្លែងនានាក្នុងប្រទេសត្រូវបានបិទ ព្រោះតែការរអិលបាក់ដី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

មកដល់សប្ដាហ៍នេះ នូវែលសេឡង់បានជួបស្ថានភាពកាន់តែអាក្រក់ៗទៅ ដោយអ្នកជំនាញបានសន្មតថា មានអាកាសធាតុសើម ហើយមានព្យុះកើតឡើងក្នុងប្រទេស។

ទិន្នន័យរបស់អ្នកព្យាករណ៍អាកាសធាតុបានបង្ហាញថា ផ្នែកភាគខាងជើងនៃកោះខាងត្បូងបានទទួលទឹកភ្លៀងលើសពី ៣០០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។ គេបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ផ្នែកខ្លះនៃភាគខាងលិចរបស់កោះខាងត្បូងប្រទេស និង ភាគខាងជើងរបស់កោះខាងជើងរបស់ប្រទេស។

ទិន្នន័យអាកាសធាតុបានបង្ហាញថា ទីក្រុង Nelson នៅលើកោះខាងត្បូងបានទទួលទឹកភ្លៀង ១០៦មីលីម៉ែត្រ ចាប់តាំងពីពាក់កណ្ដាលអធ្រាត្រថ្ងៃ អង្គារ ពោលគឺលើសទឹកភ្លៀងជាមធ្យមសម្រាប់ពេញមួយខែ សីហា ចំនួន ៨០មីលីម៉ែត្រ។

មកទល់នឹងពេលនេះ គេបានរាយការណ៍ថា នៅលើកោះខាងជើងនៃប្រទេសនូវែលសេឡង់ ដែលជាទីក្រុងធំជាងគេគឺកោះ Auckland កំពុងស្ថិតក្រោមការជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំង និង ខ្យល់កន្រ្តាក់ ដោយមានការរំខានបន្ដិចបន្ទួចនៅទីនោះ។

អាជ្ញាធរបាននិយាយថា ផ្ទះជាង ២៣០ខ្នង នៅក្នុងទីក្រុង Nelson ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនជាង ៥០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។

យោងតាមសេចក្ដីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាទីក្រុង Nelson បានព្រមានថា ភ្លៀងបន្ដធ្លាក់អាចមានន័យថា ការរអិលបាក់ដី ទឹកជំនន់ និង ការជម្លៀសខ្លួន និងកើតមានឡើងកាន់តែច្រើន៕

ប្រភព៖ CNA

Share.