កាន់តែប្លែកភ្នែកទៀតហើយ​ ខេត្តព្រះសីហនុ រូបសំណាកព្រះសេវ: និងព្រះនាងឧមាភគវតី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រនឹងតភ្ជាប់រួចរាល់ក្នុងពេលដ៏ឆាប់នេះ ដែលរូបសំណាកសង់ឡើងនៅរង្វង់មូល ផ្លូវបំបែករាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ។


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅក្នុងពិធីក្រុងពាលី កាលពីព្រឹកថ្ងៃទី ០៣ មិថុនា នេះថា រង្វង់មូលនេះ ស្ថាបនាអស់រយៈពេល ៦ខែ ហើយថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំក្រុងពលីបួងសួងសុំសេចក្តីសុខ លើករូបសំណាកព្រះសេវ: និងព្រះនាងឧមាភគវតី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រ និងរូបសំណាកសីហរាជមុខបី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់១០.៩៤ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៦.៣៦ ម៉ែត្រ ហើយរូបសំណាកនេះ ផលិតដោយស្នាដៃកូនខ្មែរ។

ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវធ្វើកែសម្រួលសួនច្បារមុខរោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត។ អត្តបទ ដោយ (តោពីរ ខេត្តព្រះសីហនុ)៕

Share.