ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្ទឹងព្រែកឆ្នោត មិនដឹងថាអណ្តែតរសាត់មកពីណា បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្ពានថ្មី ផ្លូវ៦០ម៉ែត្រ ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសខាងលើ ៣០ឆ្នាំ ពាក់អាវក្រណាត់ដៃវែង មានរូបមនុស្ស ស្លៀកខោខ្មៅ មានឯកសារមួយចំនួន ក្នុងហោប៉ាវខោ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ពលរដ្ឋប្រទះឃើញមានសពអណ្តែតទឹក ទើបរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានចុះទៅដល់ទីតាំងខាងលើ និងសហការជាមួយជំនាញ អូសសពឡើងគោក ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ រកឃើញឯកសារមួយចំនួនក្នុងហោប៉ាវខោ របស់ជនរងគ្រោះ ប័ណ្ណបើកបររថយន្ត ទូរស័ព្ទដៃ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។

បើតាមការពិនិត្យឯកសារ ជនរងគ្រោះ ឈ្មោះ សារ៉ាន់ សុវណ្ណតារ៉ា អាយុ៣០ឆ្នាំ មានទីលំនៅ ផ្ទះលេខ១១៧៩-១១៨០ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក៏ប៉ុន្តែ ទោះជាស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ ទៅតាមឯកសារភ្ជាប់ខ្លួនក្តី ជួបជាមួយលោក អោម ហុង មេភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសហការ ធ្វើការស្រាវជ្រាវ ឆែកតាមឯកសារខ្នងផ្ទះ រកពុំឃើញឈ្មោះ ខាងលើទេ ជាងនេះទៅទៀត ឆែកលើបញ្ជីឈ្មោះ គ ជ ប ក៏មិនបានឈ្មោះ សារ៉ាន់ សយវណ្ណតារ៉ា ដែរ ។

មកដល់វេលាម៉ោង៨យប់ថ្ងៃដដែលនេះ រកមិនទាន់ឃើញសាច់ញាតិ សមត្ថកិច្ចអំពាវនាវផងដែរ បើបងប្អូនណាបាត់សមាជិកគ្រួសារ សាច់ញាតិ ឬសង្ស័យ សូមអញ្ជើញទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ នឹងជ្រាបជាព័ត៌មាន ហើយសពជនរងគ្រោះត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ ៕

អត្ថបទ÷តាតុង សែនជ័យ

Share.