អាជ្ញាធរឥណ្ឌាបាននិយាយនាថ្ងៃ សៅរ៍ ទី ២០ ខែ សីហា ថា មនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាការរអិលបាក់ដី និង ទឹកជំនន់ភ្លាមៗ នៅជិតជើងភ្នំ ហិម៉ាឡៃយ៉ាន នៅភាគខាងជើងប្រទេសឥណ្ឌា។ ខណៈទឹកជំនន់ និង ការរអិលបាក់ដី បណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេង បានក្លាយជារឿងធម្មតាទៅហើយ ក្នុងអំឡុងរដូវខ្យល់មូសុងរបស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២។

អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឲ្យពិភពលោកទាំងមូលជួបនឹងវិបត្តិមួយចំនួន ព្រោះតែមានការសាងសង់ទំនប់វារីអគ្គិសនី ការកាប់បំផ្លាញព្រៃឈើ និង គម្រោងអភិវឌ្ឍន៍នានា នៅទូទាំងពិភពលោក និង ប្រទេសឥណ្ឌាផ្ទាល់ ព្រោះតែចំនួនមនុស្សមានការកើនឡើងជាលំដាប់។

យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ក្រុមមន្រ្តីជួយសង្រ្គោះត្រូវបានប្រញាប់ប្រញាល់ទៅកាន់ស្រុក Mandi ក្នុងរដ្ឋភាគខាងជើងនៃរដ្ឋ Himachal Pradesh ជាកន្លែងដែលទឹកជំនន់បានជន់លិចផ្ទះ ២ខ្នង និង បានសម្លាប់មនុស្ស ៨នាក់ ហើយការរអិលបាក់ដី និង ទឹកជំនន់បានឆក់យកជីវិតមនុស្ស ៧នាក់ផ្សេងទៀតនៅទូទាំងរដ្ឋ។

ខ្សែវីដេអូព័ត៌មានទូរទស្សន៍បានបង្ហាញពីផ្នែកនៃស្ពាន ផ្លូវរថភ្លើង ត្រូវបានទឹកជន់លិចនៅក្នុងស្រុក Kangra ស្ថិតនៅក្បែរស្រុក Mandi ដែលកំពុងរងគ្រោះ។

រី​ឯនៅក្នុងស្រុក Hamipur បានវាយប្រហារដោយទឹកជំនន់ភ្លាមៗ ដោយបណ្ដាលឲ្យមនុស្ស ១៩នាក់ ជាប់គាំងនៅលើដំបូលអគារក្នុងតំបន់ មុនពេលពួកគេត្រូវបានជួយសង្រ្គោះដោយក្រុមឆ្លើយតបគ្រោះមហន្ដរាយ។ ចំណែកសាលារៀននៅស្រុកដែលរងផលប៉ះពាល់ខ្លាំងបំផុត ត្រូវបានបិទ។

សូមជម្រាបថា កាលពីខែ មិថុនា កន្លងទៅ មានភ្លៀងធ្លាក់ខ្លាំងបំផុតវាយលុកតំបន់ដាច់ស្រយាលពីភាគឥសាន្ដរបស់ប្រទេសឥណ្ឌា បានសម្លាប់មនុស្សជិត ៤០នាក់ នៅក្នុងការរអិលបាក់ដី បាក់សង្កត់លើលំនៅដ្ឋានកម្មករផ្លូវដែក និង ទាហានបម្រុងនៅក្នុងរដ្ឋ Manipur៕

ប្រភព៖ CNA

Share.