ពោធិ៍សាត់៖ បុរសចំនួនពីរនាក់បានស្លាប់នៅនឹងកន្លែង និង 2នាក់ទៀត រងរបួសដោយសារគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ ខណៈពេលនាំគ្នាធ្វើរោងចាំស្រែមួយកន្លែងត្រង់ចំណុចត្រពាំងឃ្លៃ ក្នុងភូមិស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ករណីនេះកើតឡើង នៅវេលាម៉ោង 4 រសៀលថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2021 នេះ។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ ប្រាប់ថា ជនរងគ្រោះស្លាប់ទី 1 ឈ្មោះ ឃា សាមឿន អាយុ 31 ឆ្នាំ និង ទី 2 ឈ្មោះ ពេជ្រ ប៊ុនធឿន អាយុ32 ឆ្នាំ។ ចំណែកអ្នករងរបួស មានឈ្មោះ ខន សុឃីម អាយុ 39 ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៉ាន​ កាន អាយុ 17 ឆ្នាំ ទាំងបួននាក់រស់នៅក្នុងភូមិកើតហេតុខាងលើ។

លោកអធិការ និយាយទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះទាំង 4 នាក់ខាងលើ កំពុងតែធ្វើរោង ដើម្បីចាំស្រែ ស្រាប់តែមេឃចាប់ផ្ដើមខ្មៅលាយឡំ ដោយរលឹមបន្តិចបន្តួចកើតចេញជារន្ទះបាញ់ បណ្ដាលឱ្យជនរងគ្រោះស្លាប់ចំនួនពីរនាក់នៅនឹងកន្លែងនិង 2 នាក់ទៀត រងរបួសត្រូវបានបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ៕

Share.