ពោធិ៍សាត់៖ ឪពុកបង្កើត បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ឲ្យចាប់ខ្លួនកូន ក្នុងគោលបំណងហៅមកអប់រំ បន្ទាប់ពីកូនអកត្តញ្ញូបានប្រើប្រាស់អំពើហិង្សា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដោយសារតែខឹងឪពុក ម្ដាយ ស្ដីបន្ទោសបន្ដិចបន្ដួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង12 និង 30 នាទីរសៀលថ្ងៃទី 3 ខែមករាឆ្នាំ 2021 នេះក្នុងភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សូមចុចអាន៖ ជម្លោះដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមយោធា ឈានដល់ផ្ទុះអាវុធ ត្រូវអ្នកតវ៉ាម្នាក់

លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉េ ឡេង អាយុ 20 ឆ្នាំ ចំណែកឪពុកឈ្មោះ យន វន អាយុ 41 ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ។ លោកថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងបន្ទាប់ពីឪពុកបានរត់មកប្ដឹងសមត្ថកិច្ច ជួយអន្តរាគមន៍ចាប់ខ្លួនយកមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យប្រព្រឹត្តហិង្សាក្នុងគ្រួសារបែបនេះទៀតឡើយ។

លោកបញ្ជាក់ថា ករណីដែលឪពុកបង្កើតមកប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនកូនប្រុសបែបនេះ គឺដោយសារតែទ្រាំមិនបាននិងទង្វើរបស់កូន ដែលវាយបំផ្លាញទ្រព្យសម្បត្តិមានពាងទឹក និងសម្ភារៈមួយចំនួននៅក្នុងផ្ទះបាយដោយគ្រាន់តែម្ដាយស្ដីបន្ទោសបន្តិចបន្តួចតែប៉ុណ្ណោះ។

ចំពោះជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀងរយៈពេល 48 ម៉ោង ដើម្បីអប់រំ និងធ្វើកិច្ចសន្យាអត់ឱ្យមានអំពើហិង្សាបែបនេះ កើតឡើងទៀតឡើយ ក្នុងករណីមិនរាងចាលនោះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ជាក់ជាមិនខានឡើយ៕

Share.