អតីត​បវរកញ្ញា​ Miss Grand 2020 កញ្ញា​ លីវ ជីលី បាន​ចេញ​មក​ឆ្លើយ​តប​ចំពោះ​ពាក្យ​សម្ដី​រិះគន់​នានា​ទៅលើ​ឈុតតំណាង​ជាតិ​របស់​បេក្ខនារីក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត​ ប៉ុន្តែ​ការ​លើក​ឡើង​របស់​កញ្ញា​ មិន​ត្រឹម​តែ​មិន​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​មាន​ភាព​ធូរស្រាល​នោះ​ទេ​ ថែម​ទាំង​ដុត​កម្ដៅ​ឱ្យ​មហាជន​កាន់​តែ​ផ្ទុះ​កំហឹង​លើសដើម​ទៅវិញ។

ម្សិលមិញ​នេះ (២៤ សីហា ២០២២) ​កម្មវិធី​ Miss Grand 2022 បាន​ Live ផ្ទាល់​វគ្គ​ប្រកួត​បឋម​បង្ហាញ​ឈុត​តំណាង​ជាតិ​ពី​បេក្ខនារី​ចូលរួម​ប្រកួត​ទាំងអស់​ យ៉ាងណា​មិញ​ឈុត​របស់​បេក្ខនារី​មក​ក្រុង​ប៉ោយប៉ែត និង​បាវិត រង​នូវ​ការ​រិះគន់​ខ្លាំង​ពី​ហ្វេន​ និង​អ្នក​លេង​បណ្ដាញ​សង្គម​ ព្រោះ​តែ​ឈុត​នារី​កាស៊ីណូ​ ឱ្យ​បេក្ខនារី​ ដើរ​បង្ហាញ​សន្លឹកបៀរ​ និង​គ្រាប់​អាប៉ោង ​ត្រង់​ៗ​អត់​មាន​សិល្បៈ​អ្វី​បន្តិច​ទាល់​តែ​សោះ​។

អ្នក​លេង​បណ្ដាញ​សង្គម​បាន​បង្ហាញ​សារ​ហួស​ចិត្ត​នៅ​ពេល​ដែល​ឃើញ​ការ​បកស្រាយ​របស់​កញ្ញា​ លីវ ជីលី ដែល​ជា​អតីត​បវរកញ្ញាឆ្នាំ​២០២០ ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស​ប៉ុន្តែ​បែរ​ជា​និយាយ​ចេញ​មក​ប្រៀប​មិន​បាន​នឹង​ក្មេង​បៀម​ដៃ​ផង​។ កញ្ញាបង្ហោះ​សំណេរ​លើ​បណ្ដាញ​សង្គ​ម​ថា​ដូច្នេះ៖ «ចូលឆ្នាំ​ចិន សែន​សឹងពេញ​ប្រទេស​ ផ្ទះមួយៗ​លេង​តែ​បៀរ​ ផឹកតែ​ស្រា គ្រាន់តែ​ឈុត​ចឹងសោះ​ អាណិត​អ្នក​ធ្វើ​ឈុត​ បងហ៎ា លើកក្រោយកុំឱ្យ​គេ​​ជេរចឹង​ទៀត​»។

គ្រាន់​តែ​សារ​របស់​ Queen នេះ​បង្ហោះ​ជា​សាធារណៈភ្លាម ស្រាប់​តែ​មហាជន​បាន​បង្ហាញ​មតិ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បកស្រាយ​របស់​កញ្ញា​ ដែល​លើក​យក​រឿង​ផឹកស្រា លេង​បៀរ​ ក្នុង​ពេល​ចូល​ឆ្នាំ​មក​ប្រៀបធៀបទៅវិញ។ អ្នក​លេង​បណ្ដាញ​សង្គមបង្ហាញ​ទស្សនៈ​យល់​ឃើញ​ថា​រឿង​២ នេះ​មិន​អាច​យក​មក​ប្រៀបធៀបគ្នា​កើត​នោះ​ឡើយ​ ព្រោះ​ការ​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​មាន​ផ្សាយ​ផ្ទាល់​ជា​លក្ខណៈ​ទូលំទូលាយ​បែប​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ប្រទេស​ជាតិ​និង​រាជរដ្ឋាភិបាល​​ ព្រោះ​ល្បែងស៊ីសង គឺជា​អំពើ​ខុស​ច្បាប់​ ដែល​អាជ្ញាធរ​បាន​ព្យាយាម​បង្ក្រាប​ និង​ចាត់​វិធាន​ការ​ទប់​ស្កាត់។

ក្នុង​នោះ​ដែរ​អ្នក​ប៉ោយប៉ែត ឬ​អ្នក​ដែល​រស់​នៅ​ក្រុង​បាវិត ក៏​បាន​ចេញ​មក​បង្ហាញ​ពី​ការ​ខក​ចិត្ត​និង​ហួសចិត្ត​ចំពោះ​ការ​យក​ឈុត​ល្បែង​មក​តំណាង។ ដោយ​អ្នក​ប៉ោយប៉ែត ​លើក​ឡើង​ថាក្រុង​ប៉ោយប៉ែត​គឺជា​ច្រក​ទ្វារ​អន្តរជាតិ​ដ៏​សំខាន់​ហេតុ​អ្វី​យក​ល្បែង​មក​តំណាង​ទៅ​វិញ​? ពួក​គាត់​សែន​ខ្មាស​ប្រទេស​ជិត​ខាង​ណាស់​។

ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​សួរ​ជា​សំនួរ​ថា​តើ​ក្រុង​ទាំង​ពីរ​នោះ​ពិត​ជា​មិនមាន​អ្វី​ផ្សេង​តំណាង​ក្រៅ​ពី​ល្បែងទេឬ? ឈុត​តំណាងជាតិជាល្បែង​ស៊ីសង​? តើ​អ្នក​ច្នៃ​យើង​អស់​គំនិត​ច្នៃ​ប្រឌិត​ហើយ​ឬ? ឈុត​តំណាង​ប្រទេស​១​ទាំង​មូល​ ហេតុ​អី​ក៏​យក​ល្បែង​មក​បង្ហាញ ទោះ​ជា​ស្រប​ច្បាប់​ក៏​ដោយ​ចុះ។

ចំណែក​ឯអ្នកមួយ​ចំនួន​ទៀត​បាន​ចេញ​សារ​ដាស់​តឿន​ចំពោះ​កញ្ញា​មុន​និង​សរសេរ​ឬ​ប្រើប្រាស់​ពាក្យ​ពេចន៍​ណា​មួយ​ត្រូវ​គិតគូរ​ឱ្យ​ម៉ត់ចត់​ព្រោះ​កញ្ញា​គឺជា​អតីតបវរកញ្ញា ធ្លាប់​ជា​អ្នក​តំណាង​ជាតិ​និង​ជា​មុខ​មាត់​ប្រទេស​ជាតិ​។

បន្ទាប់​ពី​សំណេរ​របស់​កញ្ញា ទទួល​រង​នូវ​មតិរិះគន់ និង​មិន​ពេញ​ចិត្ត​ពី​សាធារណជន​ កញ្ញា​ លីវ ជីលី បាន​លុប​ចេញ​ពី​លើ​ផេក​របស់​ខ្លួន​ហើយ។ បន្ទាប់​មក​កញ្ញា​និយាយ​​បាន​ផុស​វិញ​ថា​កញ្ញា​សុំ​អភ័យ​ទោស​ផង​ ដែល​អ្នក​កាន់​ផេក​របស់​កញ្ញា​បាន​ផុស​ពាក្យ​មិន​សមរម្យ​ ពេល​នេះ​កញ្ញា​បាន​លុប​ពាក្យ​នោះ​ចេញ​ហើយ​។

«នាងខ្ញុំ​ជីលី សុំ​ទោស​បងប្អូន​ដែល​អេដមីន​នាង​ខ្ញុំ​បាន​ផុស​ ពាក្យ​មិន​សមរម្យ​ ឥឡូវ​នាង​ខ្ញុំ​លុប​រួច​រាល់​ហើយ​ សូម​ទោស​ណ៎ា បងប្អូន​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន»

ទោះ​ជា​កញ្ញា បាន​ចេញ​មក​សម្ដែង​ការ​សុំ​ទោស​ចំពោះ​សារ​ដែល​បាន​បង្ហោះ​នៅ​លើផេក ហើយ​បដិសេធ​ថា​មិនមែន​កញ្ញា​ជា​អ្នក​បង្ហោះ​ក៏​ដោយ ប៉ុន្តែ​អ្នក​ស៊ើប​បណ្ដាញ​សង្គម​​មិន​ជឿ​ទៅ​លើ​ការ​បកស្រាយ​របស់​កញ្ញា​នោះ​ឡើយ​ ដោយ​ម្នាក់​ៗ​លើក​ឡើង​ថា​អ្នក​កាន់​ផេក​អាច​ផុស​បាន​ក៏​អាស្រ័យ​ដោយ​មាន​ការ​យល់​ស្រប​ ឬ​ការ​អនុញ្ញាតពី​កញ្ញា​ដែរ មិនមែន​ចេះ​តែ​អាច​ធ្វើ​ដោយ​ចិត្ត​ឯង​នោះ​ឡើយ​ ដូច្នេះ​គេ​យល់​ឃើញ​ថា​​វា​គ្រាន់​តែ​ជា​ដោះ​សារយក​រួច​ខ្លួន​របស់​ស្រីស្អាត​រូប​នេះ​តែ​ប៉ុណ្ណោះ៕

Share.