សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អភិបាលខេត្តពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ កាលពីថ្ងៃទី២២ ខែសីហានេះ។ ផែនការនេះត្រូវបានចាត់ទុកជាផែនការប្រតិបត្តិការរបស់កងកម្លាំងអនុវត្តច្បាប់ ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងការលួចលាក់ ប្រើប្រាស់កម្លាំងពលកម្មជនបរទេសដោយខុសច្បាប់។

ដើម្បីអនុវត្តផែនការនេះឲ្យទទួលបានជោគជ័យត្រូវ សម្ដេចក្រឡាហោម ស ខេង បានចាត់តាំងង្កើតគណៈបញ្ជាការដឹកនាំប្រតិបត្តិការដែលមានសមាសភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិជាប្រធាន អមដោយអនុប្រធាន២រូប គឺឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមាជិកមួយចំនួនទៀត។

ការចាត់តាំងអនុវត្តន៍ការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងអំពើល្មើសទាំងនេះ ក្នុងនោះរាប់ទាំងបន្ទាប់ពីមានការទំលាក់ចំណាត់ថ្នាក់កម្ពុជាកក្នុងការងារនេះពីសំណាក់សហរដ្ឋអាមេរិក។ នាប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាដែលបានអនុវត្តការងារនេះជាយូរមកហើយនោះក៏កាន់តែបង្កើនប្រតិបត្តិការ៕

Share.