នាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការជួយសង្គ្រោះចំនួន៧ករណី ក្នុងនោះនៅខេត្តព្រះសីហនុមាន៤ករណី លើកទី១បានជួយសង្គ្រោះ ជនរងគ្រោះចំនួន៣នាក់ (បុរសជនជាតិអាមេរិក ចំនួន២នាក់ ក្នុងនោះ ខ្មែរ-អាមេរិក១នាក់ និង ស្ត្រីជនជាតិឥណ្ឌូនេស៊ី១នាក់) និងចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។​

ដោយឡែកលើកទី២ សង្គ្រោះជនរងគ្រោះជនជាតិម៉ាឡេស៊ី១នាក់ នឹងចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៥នាក់ លើកទី៣សង្គ្រោះជនរងគ្រោះជនជាតិម៉ាឡេស៊ី៣នាក់ និងចាប់ឃាត់ខ្លួនមេការគ្រប់គ្រង ១នាក់ ជនជាតិម៉ាឡេស៊ី និងលើកទី៤សមត្ថកិច្ចបានរកឃើញតម្រុយនៃការជួញដូរជនជាតិវៀតណាម ពីខេត្តស្វាយរៀងទៅ កាន់ខេត្តព្រះសីហនុ ដោយសង្គ្រោះជនជាតិវៀតណាម ២នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (ជនជាតិចិន២នាក់ និងជនជាតិម៉ាឡេស៊ី១នាក់)។

នៅខេត្តស្វាយរៀង បានសង្គ្រោះជនរងគ្រោះជន ជាតិវៀតណាម ចំនួន៥នាក់ និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ជនជាតិចិន៣នាក់ និងជនជាតិវៀតណាម៣នាក់) ខណៈនៅខេត្តពោធិ៍សាត់ បានសង្គ្រោះជនរងគ្រោះជនជាតិចិន៤នាក់ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ។

នៅខេត្តឧត្តរមានជ័យ បានសង្គ្រោះជនរងគ្រោះជនជាតិហ្វីលីពីនចំនួន៧នាក់ (ស្រី៤នាក់) និងកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យបញ្ជូនទៅតុលាការ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធកំពុងបន្ត ខិតខំសហការស្រាវជ្រាវ ដើម្បីឈានទៅកំណត់គោលដៅ មុខសញ្ញា និងអត្តសញ្ញាណជនរងគ្រោះ។

បើតាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។

របាយការណ៍បន្តថា ក៏ប៉ុន្តែជាក់ស្ដែងពលរដ្ឋទាំងនោះ ត្រូវបានចាត់ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬ ពីក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន។

សូមបញ្ជាក់ថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែល ប្រកាសថាជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចំនួន១៧ ករណី ជនសង្ស័យ សរុបចំនួន ៦០នាក់៕

Share.