ក្រោយសមត្ថកិច្ចនគរបាលចេញលិខិតតាមចាប់ខ្លួនបុគ្គលឈ្មោះ Chaiyapol ក្នុងករណីសម្លាប់ក្មួយអាយុ៣ឆ្នាំ តារាចម្រៀងល្បីJintara Poonlarp បានលុបចោលបទចម្រៀងល្បីរបស់ខ្លួនដែលច្រៀងដៃគូជាមួយនឹង Chaiyapol ចោលព្រមទាំងដើរធ្វើបុណ្យលែងត្រីរុំស្បែថ្វាយព្រះជាដើម។
រឿងក្ដីដើមកក្រើកប្រើពេលមួយឆ្នាំជាងទើបសមត្ថកិច្ចអាចវែកមុខរកឃាតកសម្លាប់ក្មេងស្រីអាយុ៣ឆ្នាំបាន ប៉ុន្តែរយៈពេលមួយឆ្នាំដែលអាជ្ញាធរដុតដៃដុតជើងស្វែងដើម្បីវែករកមុខជនសង្ស័យនោះឃាតក បានក្លាយជាបុគ្គលល្បីជាសាធារណៈបានចូលរួមក្នុងកម្មវិធីសម្ភាសន៍ធំៗក្នុងទូរទស្សន៍ មានផលិតករហៅថតភាពយន្ត ថតបង្ហាញម៉ូដ និងបានច្រៀងជាមួយនឹងតារាចម្រៀងសំនៀងរដឺនដ៏ល្បីល្បាញរបស់ថៃអ្នកស្រី Jintara ក្នុងបទចម្រៀងដ៏ល្បី «เต่างอย» ដែលមានចំនួនទស្សនាលើសពី១០លានដងលើ Channel YouTube ថែមទៀតផង។

យោងតាមការចុះផ្សាយពីសារព័ត៌មានធំៗនៅប្រទេសថៃ ក្រោយដំណឹងដែលសមត្ថកិច្ចចេញលិខិតចាប់ខ្លួននាយ Chaiyapol ដែលមានឋានៈជាអ៊ុំរបស់ជនរងគ្រោះកុមារីវ័យ៣ឆ្នាំហើយនោះ សង្គមអនឡាញនិងមជ្ឈដ្ឋានមហាជនចាប់ផ្ដើមមានការវិភាគនិងរិះគន់យ៉ាងខ្លាំងដែលកន្លងមកសារព័ត៌មាននិងកម្មវិធីធំៗបានអញ្ជើញឃាតកចូលរួមផ្ដល់បទសម្ភាសន៍ ដែលជាការជួយឃោសនាផ្សព្វផ្សាយឱ្យបុគ្គលនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញថែមទៀត។
យ៉ាងណាមិញ តារាចម្រៀង Jintara ហាក់រងសម្ពាធរាងធ្ងន់ជាងគេព្រោះបានអញ្ជើញឱ្យនាយ Chaiyapol ជាឃាតកនោះចូលរួមសម្ដែងនិងច្រៀងជាមួយខ្លួនក្នុងបទចម្រៀងល្បីរបស់ខ្លួន ដែលផលិតជាពិសេសនិងថ្មីមួយទៀតជាមួយនឹងឃាតករូបនោះ។ ក្រោយសមត្ថកិច្ចតាមចាប់ខ្លួន និង ធ្វើឱ្យផ្ទុះមានមតិរិះគន់ធ្ងន់ៗ ដោយសារតារារូបចម្រៀងរូបនេះយកឃាតកមកច្រៀងជាមួយ គឺធ្វើឱ្យដួងវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលស្លាប់យ៉ាងអាណោចអាធម៌និងអយុត្តិធម៌នៅវិលវល់មិនអាចទៅកាន់សុគតិភព។

ទីបំផុតតារាចម្រៀង Jintara បានសម្រេចចិត្តលុបចោលឃ្លីបបទចម្រៀងដ៏ល្បីដែលមានចំនួនចុចទស្សនារាប់សិបលានរបស់ខ្លួនចោល មិនតែប៉ុណ្ណោះតារារូបនេះក៏បានព្យាយាមធ្វើបុណ្យលែងត្រី ទិញស្បង់មករុំជាចីពរថ្វាយរូបសំណាកព្រះជាដើម ដែលទង្វើនេះក៏នៅតែមានអ្នករិះគន់ដែរថាមិនអាចលុបលាងបាបដែលខ្លួនបានផ្ដល់ឱកាសនិងជួយជ្រោមជ្រែងនិងជួយការពារឃាតកកន្លងមកនោះទេ។
គួរដឹងដែរថានាយ Chaiyapol ត្រូវជាអ៊ុំរបស់កុមារីរងគ្រោះដែលមានវ័យត្រឹមតែ៣ខួប ហើយរឿងក្ដីឃាតកម្មមួយនេះគឺជារឿងក្ដីដែលជនជាតិថៃផ្ដោតការយកចិត្តទុកដាក់និងចង់ដឹងយ៉ាងខ្លាំងថាតើអ្នកណាជាឃាតកចិត្តដាច់រូបនោះ។ ទោះជាប៉ូលិសបានចេញលិខិតចាប់ខ្លួនតែនាយ Chaiyapol បានរត់គេចខ្លួនបាត់ ដូច្នេះគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដហេតុអ្វីធ្វើឱ្យលោកដាច់ចិត្តសម្លាប់ក្មួយរបស់ខ្លួននៅឡើយនោះទេ៕
ទស្សនាវីដេអូចម្រៀង «เต่างอย» ដកស្រង់ពី Channel YouTube ផ្សេងដូចខាងក្រោមនេះ៖
