ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្តូក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូហុងដាឌ្រីមបើកបុកម៉ូតូកង់បីកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខសាលាបឋមសិក្សាទួលកី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV-1010 ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AG-7204 ដែលបើកឆ្លងផ្លូវពីលិចទៅកើត បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ ដេកសន្លប់ស្តូកនៅកន្លែង ម៉ូតូបាក់ខ្ទេចមួយកំណាត់មុខ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ហៅរករថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូកង់បីនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.