ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកប្រើប្រាស់អំពីភាពរអាក់រអួលនៃសេវាទូរស័ព្ទនិង អ៊ីនធើណិតដែលបាននិងកំពុងបន្តកើតមាននេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បានពន្យល់ថា មាន កត្តាមួយចំនួន ក្នុងនោះរួមមានកក្តាក្រុមហ៊ុនទូរស័ព្ទនិងប្រតិបត្តិកររួមទាំងទាំង ISP គិតតែផលចំណេញមិនវិនិយោគបន្ថែមក្នុងការដំឡើងអង់តែនដើម្បីបំពេញទៅតាមតម្រូវការរបស់    អតិថិជន។

ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍កម្ពុជា តាមរយៈ សារព័ត៌មានក្នុងស្រុកបានពន្យល់ថា កន្លងទៅមានក្រុមហ៊ុនដាំអង់តែមួយសម្រាប់បម្រើសេវាដល់មនុស្ស៣ពាន់នាក់ ប៉ុន្តែតំបន់នោះឥឡូវនេះមានមនុស្សកើនឡើង១ម៉ឺននាក់ ហើយមានអ្នកជិះឆ្លងកាត់ច្រើនទៀត ដូច្នេះអ្នកប្រើប្រាស់ច្រើនទើបធ្វើឱ្យសេវារអាក់រអួលពិសេស បង្គោលអង់តែននៅឃ្លាតគ្នាខ្លាំងពេកដោយសារក្រុមហ៊ុនមិនបានដាំថែមទៀត។

ឯកឧត្តមថា ភាពរអាក់រអួលសេវាទូរស័ព្ទនិងអ៊ីននធើណិតក៏បណ្តាលមកពី ទីក្រុងមានអគារ ខ្ពស់ៗកើនឡើងច្រើន ហើយបើអគារនោះនៅចន្លោះបង្គោលអង់តែនមួយទៅអង់តែនមួយទៀត នឹងធ្វើឱ្យអគារខ្ពស់នោះបាត់សេវា៥០ទៅ៧០ភាគរយ។ 

លើសពីនេះទៀត  ក្រុមហ៊ុនធ្វើការ Promotion ហួសកម្រិត ធ្វើឱ្យពលរដ្ឋជាច្រើនខំប្រើប្រាស់ បណ្តាញសេវាអត់ដើរនៅពេលដែលមានអ្នកប្រើប្រាស់ច្រើនក្នុងពេលតែមួយឬលក់កញ្ចប់អ៊ីនធើណិត ប៉ុន្តែផ្តល់សេវាមិនគ្រប់តាមស្តង់ដារ។

ចំពោះបុរីខ្លះអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតផ្តាច់មុខ ធ្វើឱ្យតម្លៃឡើងថ្លៃ ហើយ    ផ្តល់សេវាមិនគ្រប់គ្នាហើយមានបុរីខ្លះសង់បុរី អត់មានទុកដីសម្រាប់សាងសង់បង្គោលអង់តែន និងមានពលរដ្ឋខ្លះមិនអនុញ្ញាតឱ្យសង់បង្គោលអង់តែនថែមទៀតដោយសារខ្លាចប៉ះពាល់ដល់សុខភាព។

តែយ៉ាងណាក៏ដោយ ចំពោះបញ្ហាភាពរអាក់រអួលសេវាទូរស័ព្ទនិងអ៊ីននធើណិតនេះ មិនត្រូវបានប្រភពពីក្រសួង ប្រៃសណីយ៍បញ្ជាក់ថា នឹងអាចដោះស្រាយបាននៅពេលណានោះឡើយ ខណៈដែលពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវាកំពុងតែទន្ទឹងរង់ចាំដើម្បីសម្រួល ដល់ការប្រកបអាជីវកម្មនៅក្នុងបរិបទកូវីដ១៩ជាពិសេសការសិក្សារបស់សិស្សានុសិស្សតាមអនឡាញ៕

Share.