ប្រិយមិត្ត​អ្នក​ទស្សនា​ប្រាកដ​ជា​នៅ​ចាំ​បាន​ថាតារា​សម្ដែង​មុខ​ក្មេង​ Jimmy Lin ឬ​ លីន ចឺអ៊ីង បច្ចុប្បន្ន​មាន​វ័យ​៤៧​ឆ្នាំ​ និង​កូន​ប្រុស​វ័យ​៦​ឆ្នាំ​ម្នាក់​ បាន​ជួប​ប្រទះ​ឧប្បត្តិហេតុ​រថយន្ត​ Tesla បុក​ទ្រូង​ផ្លូវ​រហូត​ផ្ទុះ​ឆេះ​រថយន្ត​អស់​ពាក់​កណ្ដាល​ តែ​សំណាង​ល្អ​មាន​អ្នក​ឃើញ​ហេតុការណ៍​បាន​ជួយ​សង្គ្រោះ​យក​ចេញ​ពី​ក្នុង​រថយន្ត​ទាន់​ពេល​ និង​បញ្ជូន​ទៅ​សង្គ្រោះ​ប​ន្ទាន់​នៅ​មន្ទីរពេទ្យ​។

យ៉ាងណាមិញ​ថ្មីៗ​នេះ​សារព័ត៌មាន​កោះ​តៃវ៉ាន់​បាន​ចុះ​ផ្សាយ​ថា​ អាការ​របស់​តារា​រូប​នេះ​មាន​លក្ខណៈ​មិន​ទាន់​ល្អ​ប្រសើរ​នោះ​ទេ ឬ​អាច​និយាយ​ដោយ​សាមញ្ញ​ថា​ក្រជា បើ​ទោះ​បី​ជា​ឆ្លងកាត់​ការ​វះកាត់​ដាក់​ដែក​ច្រើន​ដង​ ដើម្បី​ដាក់​ដែក​នៅ​ដើម​ដៃ​ ព្រម​ទាំង​វះកាត់​កាត់​ចេញ​ឆ្អឹង​មុខ​ដែល​ប៉ះទង្គិច​ខ្លាំង​ក្នុង​ពេល​គ្រោះ​ថ្នាក់​ក្ដី​។

បើ​តាម​ព័ត៌មាន​ The Star បាន​លើក​ឡើងថា​ មក​ដល់​ពេល​នេះ​កាន់​តែ​អាក្រក់ ព្រោះ​តារា​សម្ដែង​រូប​នេះ​នៅតែ​មិន​ទាន់​អាច​និយាយ​កើត​ ហើយ​ត្រូវ​បាញ់​អាហារ​តាម​សេរ៉ូម​​ ទាល់តែ​​អាការបាន​ប្រសើរ​ហើយ​អាច​ទទួល​ទាន​អាហារ​ទឹក​ៗ​តាម​មាត់​បាន​ ជា​ពិសេស​គឺ​រង់​ចាំ​ឱ្យ​ស្នាម​របួស​វះកាត់​បាន​ជាសះ​ជា​មុន​សិន។

ភរិយា​របស់​តារា​សម្ដែង​រូប​នេះ​អ្នក​ស្រី​ Kelly Chen បាន​បង្ហោះ​រូប​ភាព​ដៃ​របស់​អ្នក​ជំងឺ​ចាប់​ជាមួយ​នឹង​ដៃ​អ្នក​យាម​ជំងឺ​ព្រម​ជាមួយ​នឹង​សារ​ផ្ដល់​កម្លាំង​ចិត្ត​ថា​ «មេឃ​ក្រោយ​ភ្លៀង​រមែង​ភ្លឺ​ច្បាស់​ បន្ទាប់​ពី​យើង​បាន​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ដោយ​ភាព​ក្លាហាន​»។

ប៉ុន្តែ​យើង​តាម​សារព័ត៌មាន​ Appledaily បាន​លើក​ឡើង​ថា​ អ្នក​ចាត់​ការ​របស់​ Jimmy មិន​បាន​ឆ្លើយ​តប​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​និយាយ​ពី​អាការ​ដែល​នៅ​តែ​ធ្ងន់​ធ្ងរ​របស់​តារា​រូប​នេះ​ឡើយ​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៤​ ខែ​សីហា​កន្លង​ទៅ​បាន​ចេញ​សេចក្ដី​ប្រកាសថា​ «អ្នក​ជំងឺ​នៅពេល​នេះ​បាន​ធូរស្បើយ​ហើយ​ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ផ្ទុះ​ប៉ុន្មាន​ថ្ងៃ​នេះ​ គឺជា​ដំណឹង​ក្លែងក្លាយ​និង​ការ​ផ្សព្វផ្សាយ​បំប៉ោង​រឿង​។ ប្រសិន​ជា​ដំណឹង​ថ្មី​ៗ​នឹង​ជំរាប​ជូ​ន​អ្នក​គ្រប់​គ្នា​ទៀត​ សូម​អរគុណ​ចំពោះ​ការ​ចាប់​អារម្មណ៍»

លើស​ពី​នេះ​ទៀត​ ប្រធាន​មន្ទីរពេទ្យ​បាន​ចេញ​មក​បញ្ជាក់​ថា​ការ​ព្យាបាល Jimmy Lin ទទួល​បានជោគជ័យ​ ពេល​នេះ​តារា​សម្ដែង​ល្បី​បាន​ចេញ​ទៅ​សម្រាក​ព្យាបាល​បន្ត​នៅ​ផ្ទះ​ ចំណែក​​រឿង​ដែល​ Jimmy ត្រូវ​ទទួល​ទាន​អាហារ​តាម​រយៈ​ការ​បាញ់​តាម​សេរ៉ូម​នោះ​គឺ​មិន​មាន​នោះ​ទេ​៕

Share.