តំបន់ភាគនិរតីនៃប្រទេសចិន ដែលបានទទួលរងនូវការកើនឡើងកម្ដៅសីតុណ្ហភាពខ្លាំងក្នុងខែ សីហា ឥឡូវនេះបានប្រកាសអាសន្នពីគ្រោះទឹកជំនន់​ ចំពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងវិញម្ដង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ច័ន្ទ ទី ២៩ ខែ សីហា ឆ្នាំ ២០២២។

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់ដែលជាមជ្ឈមណ្ឌលផលិតកប្បាសដ៏សំខាន់របស់ប្រទេសចិន គឺទីក្រុង ឆុងឈីង និង តំបន់ក្បែរៗនោះនៅក្នុងខេត្ត ស៊ីឈួន ដែលកន្លងមកទើបតែទទួលរងនូវអាកាសធាតុក្ដៅខ្លាំងខុសពីធម្មតា និង ការខ្វះខាតថាមពលអគ្គិសនីធ្ងន់ធ្ងរនៅក្នុងមូលដ្ឋាននេះ។

ភ្លៀងបានចាប់ផ្ដើមកាលពីថ្ងៃ អាទិត្យ ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្ដធ្លាក់ដល់ថ្ងៃ អង្គារ សប្ដាហ៍នេះ រួមមានការវាយប្រហារខ្លាំងទៅលើផ្នែកខាងកើត និង និរតីនៃខេត្ត ស៊ីឈួន ព្រមទាំងភាគខាងជើងទីក្រុង ឆុង ឈីង។ ខណៈរដ្ឋាភិបាលបានផ្ដួចផ្ដើមចំណាត់ការឆ្លើយតបការការពារគ្រោះទឹកជំនន់ជាបន្ទាន់នៅខេត្ត ស៉ីឈួន និង ទីក្រុង ឆុង ឈីង ចាប់តាំងពីម៉ោង ៦ល្ងាច ថ្ងៃ អាទិត្យ មកម្ល៉េស។

ផ្នែកជាច្រើននៃភាគខាងត្បូងប្រទេសចិនបានស្ថិតក្រោមសីតុណ្ហភាពលើសពី ៤០អង្សាសេ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ជាចន្លោះពេលដែលត្រូវបានចាត់ទុកថា ក្ដៅបំផុត គិតចាប់តាំងពីរដ្ឋាភិបាលចិនបានចាប់ផ្ដើមកត់ត្រាទិន្នន័យនេះ កាលពីឆ្នាំ ១៩៦១មក។ ដោយខេត្ត ស៉ីឈួន និង ទីក្រុង ឆុង ឈីង បានជួបប្រទះនូវភ្លើងឆេះព្រៃផងដែរ។

ការឡើងកម្ដៅនេះ បានធ្វើឲ្យទីក្រុង ឆុង ឈីង បានរងគ្រោះជិត ៣សប្ដាហ៍ ហើយបាននឹងកំពុងបែងចែកចរន្តអគ្គិសនី ដែលធ្វើឲ្យទិន្នផលដំណាំធ្លាក់ចុះ ហើយអាងទន្លេ យ៉ាងសេ ក៏បានគំរាមកំហែងដល់ដំណាំនៅជុំវិញទីក្រុង និង តំបន់ជាច្រើននៅក្បែរនោះដែរ៕

ប្រភព៖ Reuters

Share.