ក្រុងព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ បានចុះស្រាវជ្រាវតាមបណ្តឹង Hotline ចំនួន៣ករណី នៅខេត្តព្រះសីហនុ ដោយរកឃើញជនជាតិម៉ាឡេស៊ី៦នាក់ ដែលមកបម្រើការងារនៅកម្ពុជា ប៉ុន្តែក្រោយពេលសាកសួរ លទ្ធផលបង្ហាញថាមិនមែនជាបង្ខាំង ឬជួញដូរដូចការប្តឹងនោះទេ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានដឹកនាំសមត្ថកិច្ចបានចុះមកដល់ទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះ។ ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ចបានស្វែងរកឃើញស្ត្រីជនជាតិម៉ាឡេស៊ីឈ្មោះ AUDREY WEE JIN YIN កំពុងធ្វើការនៅក្នុងក្រុមហ៊ុន ទើបកម្លាំងសមត្ថកិច្ចនាំគាត់ និងបាននាំអ្នកគ្រប់គ្រងជនជាតិចិន១នាក់ យកមកធ្វើការសាកសួរ។

បន្ទាប់ពីធ្វើការសាកសួរបឋម ជនរងគ្រោះបានឲ្យដឹងថាៈ មិនមានអ្នកណាបង្ខាំង វាយធ្វើបាបរូបគាត់ទេ ដោយគាត់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនជាធម្មតា ហើយគាត់ក៏មិនបានប្តឹងសមត្ថកិច្ចឲ្យចុះមកជួយដែរ។ បន្ទាប់ពីគាត់ទាក់ទងទៅម្តាយរបស់គាត់ដែលនៅប្រទេសម៉ាឡេស៊ី ទើបគាត់បានដឹងថា ម្តាយរបស់គាត់ព្រួយបារម្ភរូបគាត់ខ្លាចថា ត្រូវបានគេចាប់បង្ខាំង វាយធ្វើបាប ទើបម្តាយគាត់ប្តឹងសមត្ថកិច្ចឲ្យជួយ។


អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ករណីទី២ គឺសមត្ថកិច្ចបានចុះមកដល់ក្រុមហ៊ុនពីរកន្លែង ដោយ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះឈ្មោះ Yong Kah Chun ភេទប្រុស ជនជាតិម៉ាឡេស៊ី។ ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ច បានស្វែងរកនៅក្នុងក្រុមហ៊ុនទាំង២ទីតាំង តែមិនបានឃើញជនរងគ្រោះទេ ដោយអ្នកគ្រប់គ្រងទីតាំងទី២ បានបំភ្លឺជូនសមត្ថកិច្ចយើងថា ឈ្មោះ Yong Kah Chun ភេទប្រុស ជនជាតិម៉ាឡេស៊ី បានសុំឈប់ពីការងារតាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មកម្លេះ ហើយបានចាកចេញពីក្រុមហ៊ុនទៅ។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវ។


លោកនាយឧត្តមសេនីយ៍ បានបន្តថា ចំណែករណីទី៣ សមត្ថកិច្ចបានចុះមកដល់ទីតាំងក្រុមហ៊ុនមួយស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកបុរសជនជាតិម៉ាឡេស៊ី៥នាក់ ។ ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ច ក៏បានស្វែងរកឃើញបុរសជនជាតិម៉ាឡេស៊ីទាំង៥នាក់ កំពុងធ្វើការនៅក្នុងក្រុមហ៊ុន ទើបកម្លាំងសមត្ថកិច្ចនាំពួកគាត់មកធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរបឋម ជនរងគ្រោះបានឲ្យដឹងថា ការធ្វើការនេះមិនមែនជាករណីបង្ខាំង ឬជួញដូរមនុស្សដោយខុសច្បាប់នោះទេ តែដោយសារលក្ខខណ្ឌការងារក្រុមហ៊ុនតឹងរឹងមិនអនុញ្ញាតឲ្យចេញក្រៅ ហើយពួកគាត់ត្រូវធ្វើការច្រើនម៉ោង ជាហេតុធ្វើឲ្យពួកគាត់មិនអាចទ្រាំបាន ទើបពួកគាត់ប្តឹងស្នើសុំឲ្យយកពួកគាត់ចេញពីក្រុមហ៊ុន ដើម្បីពួកគាត់អាចត្រឡប់ទៅស្រុកកំណើតវិញ។


សូមបញ្ជាក់ថា ប្រតិបត្តិការស្រាវជ្រាវនេះ បានធ្វើលើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន ចំនួន ០៣ករណី នៅក្នុងខេត្តព្រះសីហនុ៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.