តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ជាមួយ​ស្ថានទូត​គុយបា​ប្រចាំ​ប្រទេស​កម្ពុជា ពេល​នេះ​មន្ត្រី​បច្ចេកទេស​និង​គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​​មក​ពី​គុយបា ចំនួន​៤រូប​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ហើយ​ដើម្បី​​​ជួយ​​ការងារ​បច្ចេកទេស​ដល់​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ត្រៀម​​ដណ្តើម​មេដាយ​ក្នុង​ពេល​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ។

មន្រ្តី​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា មាន​លោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​ ឯកឧត្តម ជា ពៅ លោក តែន ឡន លោក​ គួន សុគន្ធី អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ក្រុម​គ្រូ​បង្វឹក​និង​កីឡាករ​ជម្រើសជាតិ​ឆ្នេរ​ខ្សាច់​កម្ពុជា បាន​ទទួល​​មន្រ្តី​បច្ចេកទេស​និង​គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់ ទាំង​៤​ ក្នុង​​ការិយាល័យ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ នៅ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​​ចន្ទ ទី​២៩ ខែ​សីហា ឆ្នាំ​២០២២ នេះ។

ជាមួយ​គ្នា​នោះ​ដែរ​មន្រ្តីបច្ចេកទេស​និង​គ្រូ​បង្វឹក​គុយបា បាន​​ត្រួត​ពិនិត្យ​មើល​ពី​បច្ចេកទេស​របស់​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ​ក្នុង​ទីលាន​ហ្វឹកហាត់​​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ផង​ដែរ។ មន្រ្តី​បច្ចេកទេស​និង​គ្រូ​បង្វឹក​ទាំង​៤ រូប​ជា​ជនជាតិ​គុយបា មាន លោក Karell Pena Ventoza (គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់) លោក Berto Friol Barrios (គ្រូ​បង្វឹក​បាល់ទះ​ក្នុង​សាល) លោក Leonid Abum Castillo និង​​កញ្ញា Natyelis Riol Cardenas។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖«យើង​នាំ​យក​ពួកគាត់​មក​​នេះ បន្ទាប់​ពី​ការ​អនុញ្ញាត​ពី​ឯកឧត្តម​សន្តិ​បណ្ឌិត​ នេត សាវឿន ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា និង​ឯកឧត្តម ស សុខា អនុប្រធាន​ប្រធាន​សហព័ន្ធ ហើយ​ជាក់​ស្តែង​ថ្ងៃ​នេះ​តាម​រយៈ​ឯកឧត្តម ជា ពៅ យើង​ឃើញ​ថា​គ្រូ​បង្វឹក​ខាង​គុយបា មាន​២វិញ្ញាសា​មក មាន​បាល់ទះ​ក្នុង​សាល និង​បាល់ទះ​ឆ្នេរ​ខ្សាច់។ ប៉ុន្តែ​តាម​ការ​ណែនាំ​របស់​ឯកឧត្តម​ប្រធាន​និង​ឯកឧត្តម​អនុ​ប្រធាន​សហព័ន្ធ គឺ​យើង​ត្រូវការ​ជា​ចាំ​បាច់​​ផ្នែក​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់»។ ​​​

លោក​អគ្គលេខាធិការ​សហព័ន្ធ​បាន​បន្ថែម​ថា៖«ដូច​យើង​បាន​ដឹង​ហើយ​ថា​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​យើង​មិន​អន់​ពេក​ទេ ទោះបី​ការ​ហ្វឹកហាត់​របស់​យើង​មិន​ទាន់​ដល់​ស្តង់ដារ​ក៏​ពិតមែន ក្នុង​ការ​ប្រកួត​ស៊ីហ្គេម នៅ​វៀតណាម ថ្មីៗនេះ យើង​បាន​ឈ្នះ​លេខ៥​ដែរ។ ប៉ុន្តែ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​យើង​មិន​ចង់​បាន​ចំណាត់​ថ្នាក់​នោះ​ទេ គឺ​យើង​ចង់​បាន​មេដាយ»។

លោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ បន្ត​ថា៖«យើង​អញ្ជើញ​គ្រូ​គុយបា មក​គឺ​ធ្វើ​ជា​គ្រូ​បង្គោល​សម្រាប់​បាល់ទះ​ឆ្នេរ​ខ្សាច់ ទន្ទឹម​នឹង​នេះ​ក៏​យើង​ត្រូវ​មើល​ពី​បច្ចេកទេស​នៃ​ការ​បង្វឹក​របស់​គាត់​ដែរ តើ​គាត់​ខ្លាំង​ជាង? ឬ​ប្រហាក់​ប្រហែល? ឬ​ខ្សោយ​ជាង​គ្រូ​របស់​កម្ពុជា​យើង។ ខ្ញុំ​សង្ឃឹម​ថា​ជា​លក្ខណៈ​សាកល្បង​២ឬ៣​ខែ​នេះ គាត់​នឹង​បង្ហាញ​ពី​លទ្ធផល​មក​យើង​ខ្លះ​ថា​ការ​អភិវឌ្ឍន៍​​​សមត្ថភាព ជំនាញ​របស់​កីឡា​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​យើង​កើន​ឡើង​ឬអត់?។ យើង​គ្រោង​រៀបចំ​​ពានរង្វាន់​បាល់ទះ​ឆ្នេរ​ខ្សាច់​មួយ​ ដើម្បី​ឱ្យ​ពួក​គាត់​បាន​​សាកល្បង​បច្ចេកទេស​​​។​ដូច្នេះ​លទ្ធផល​យើង​នឹង​បាន​ដឹង​ច្បាស់»។

ចំពោះ​គ្រូ​បង្វឹក​គុយបា ជំនាញ​ខាង​បាល់ទះ​ក្នុង​សាល​វិញ ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខាង​លើ​​សង្កត់​ធ្ងន់​​ថា៖«សម្រាប់​​គ្រូ​បង្វឹក​ដែល​ជំនាញ​ខាង​បាល់ទះ​ក្នុង​សាល​វិញ យើង​មាន​គ្រូ​បង្វឹក​ជនជាតិ​ចិន Li Jun ជនជាតិ​ចិន រួចរាល់​ហើយ ដោយ​លោក​ក៏​ធ្លាប់​បាន​ចូលរួម​ជាមួយ​យើង​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​វៀតណាម​ថ្មីៗ​នេះ​ផង​ដែរ។យើង​ចង់​រក្សា​​មេដាយ​នេះ​ឱ្យ​គង់​នៅ​ឆ្នាំ​២០២៣ ខាង​មុខ ឬ មេដាយ​ខ្ពស់​ជាង​ឆ្នាំ​ចាស់។ ដូច្នេះ​លោក​គ្រូ​គុយបា គាត់​នឹង​អាច​ជា​គ្រូ​ជំនួយ ឬ ដើរ​តួរ​នាយក​បច្ចេកទេស ដែល​ប្រឹក្សា​​យោបល់​នៃ​ការ​ហ្វឹកហាត់​​ ឬ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រកួត។ បើ​គាត់​ព្រមព្រៀង​ក្នុង​លក្ខខណ្ឌ​នេះ​យើង​រក្សា​គាត់។ តែ​គាត់​មាន​បំណង​ចង់​ចូលរួម​ជាមួយ​យើង​ពេញ​ដៃ​ពេញ​ជើង។ ប៉ុន្តែ​យើង​នៅ​តែ​ចង់​មើល​ពី​​លទ្ធផល​នៃ​ការ​បង្វឹក​គាត់​សិន​ដូចគ្នា»៕

Share.