កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈុន ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញប្រកាសលោក អ៊ុត វណ្ណរ៉ា ត្រូវបានផ្ទេររភារកិច្ចពីអភិបាលស្រុកសណ្តាន់មកជាអភិបាលស្រុកកំពង់ស្វាយថ្មីវិញជំនួសលោក អ៊ុន បុត្ត ដែលត្រូវទទួលភារកិច្ចថ្មីទៅកាន់ជាអភិបាលរងខេត្តកំពង់ធំ។.ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញពីអភិបាលរងខេត្ត
មន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ជាច្រើននាក់ ។

ជាមួយគ្នានេះឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថាសម្រាប់ស្រុកកំពង់ស្វាយ.លោក អ៊ុត វណ្ណរ៉ា គឺជាអភិបាលស្រុកទី ១២ហើយដែលបានមកកាន់តំណែងនៅទីនេះ។
អភិបាលខេត្តបានថ្លែងថាការផ្លាស់ប្ដូរនិងការតែងតាំងមុខតំណែងថ្មីនេះគឺជាភាពចាំបាច់មួយហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាលស្របទៅតាមច្បាប់របស់ក្រុមប្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុង ស្រុក ពោលគឺមិនមែនដោយសារបញ្ហាប្រឈមដែលត្រូវផ្លាស់ប្ដូរនោះទេ គឺ ដោយលោកអភិបាលស្រុកចាស់ត្រូវទទួលភារកិច្ចថ្មី។

ឯកឧត្តមបានស្នើឲ្យអភិបាលស្រុកថ្មីត្រូវកំណត់បញ្ហាប្រឈមដែលត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសគឺការបម្រើសេវាសាធារណៈការគ្រប់គ្រងសណ្ដាប់ធ្នាប់សេវាប្រើប្រាស់ក្នុងរចនាសម្ព័ន្ធទាំងកងកម្លាំងប្រដាប់អាវុធប៉ុស្តិ៍នគរបាល សមត្ថកិច្ចត្រូវបង្ក្រាបល្បែងស៊ីសងដែលនៅតាមមូលដ្ឋាន ខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងតាមការណែនាំរបស់រដ្ឋបាលខេត្ត។

អភិបាលខេត្តបានថ្លែងបន្តថា«ក្នុងនាមជាគណៈអភិបាលស្រុកត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព»។

ឯកឧត្តមបានលើកនូវសមទ្ធិផលដែលស្រុកទទួលបានមកនេះក៏កើតឡើងពីសន្តិភាពហើយក៏ជាសមទ្ធិផលទាំងនេះជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបន្តថាកិច្ចការអភិវឌ្ឍន៍មូលដ្ឋានគឺជាភារកិច្ចស្នូលសុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបងការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនវាជាការងារដ៏សំខាន់។ នៅចំពោះមុខ ការងារអប់រំប្រជាពលរដ្ឋឲ្យអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦គឺជាកាតព្វកិច្ចដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតពាក់ព័ន្ធដល់ឥទ្ធិពលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាហើយដែលស្ថិតក្នុងន័យប្រសើរថែមទៀតនោះ ការចូលរួមបោះឆ្នោតគឺមានន័យថាស្រឡាញ់ជាតិ រួមគ្នាថែរក្សាសន្តិភាព បន្តនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិ។

អត្ថបទ៖ កំពង់ធំ

Share.