សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ

ពីវេទិកាអធិបតីនៃពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីបានបង្ហាញការប្រតិកម្មធ្ងន់ៗភ្ជាប់ដោយការចំអកត្រឡប់ទៅអ្នកវិភាគ ដែលស្រាប់តែបានអត្ថាធិប្បាយថាកូនប្រុសពីររូប គឺឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី កំពុងប្រជែងគ្នាដណ្ដើមយកតំណែងនាយកដ្ឋមន្រ្តីនាពេលអនាគត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងន័យដើមថា «វាជាការគាប់ជួនគ្នា។ លោក ឆាយ សុផល សរសេរពីកូនប្រុសច្បងនាយករដ្ឋមន្រ្តី។ លោក លាង​ ដឺលុច សរសេរពី ក្ដីសង្ឃឹម ហ៊ុន ម៉ានី។ គេយកទៅវិភាគនៅអាខេមបូឌាដេលី។ គេថាកូនខ្ញុំទាំងពីរកំពុងប្រជែងគ្នាធ្វើនាយមរដ្ឋមន្រ្តី។ អ៊ីចឹងទំនាស់ផ្ទៃក្នុងគ្រួសារ តម្រូវឱ្យ ហ៊ុន សែន ចេញមកសម្របសម្រួល»។

ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

ថ្វីដ្បិតសម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកវិភាគនោះក៏ដោយ ប៉ុន្តែអ្នកតាមដានព័ត៌មានអាចសំគាល់បានថាសម្ដេចកំពុងអត្ថាធិប្បាយអំពីលោក គឹម សុខ ដែលលើកឡើងក្នុងអត្ថបទសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២៩ ខែសីហា ​ថាការ​ប្រកាស​ចែក​សៀវភៅ​របស់ឯកឧត្តម ហ៊ុន ម៉ាណែត អាច​ឆ្លុះបញ្ចាំង​ថា ឥស្សរជនកូនប្រុសសម្ដេចតេជោកំពុង​ប្រជែង​គ្នា។

អ្នកវិភាគដែលចេញមុខញឹកនៅសារព័ត៌មានខេមបូឌាដេលីរូបនេះ បានអត្ថាធិប្បាយទៀតថា ឯកឧត្តម ហ៊ុន ម៉ានី មិន​ទាន់​ទម្លាក់​ចោល​ការ​តស៊ូ​ក្នុង​ការ​ប្រជែង​ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដណ្តើម​តំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ​ឡើយ និងថានេះជា​ឧបសគ្គ​ដ៏​ធំ​មួយ​របស់​សម្ដេចតេជោ ​នាំ​ឱ្យ​កើត​វិបត្តិ​ផ្ទៃក្នុង​នៃ​គ្រួសារកាន់តែ​ធ្ងន់ធ្ងរ​ ទាមទារការការសម្របសម្រួលពីសម្ដេច។

តបនឹងការអត្ថាធិប្បាយបែបនេះ សម្ដេចយតេជោ បានចំអកធ្ងន់ៗត្រឡប់ទៅវិញក្នុងន័យដើមថា «ឱព្រះអើយព្រះ សូមផ្ដាំទៅវិញ បើគ្រួសាររបស់លោកអ៊ីចឹង លោកកុំគិតថាគ្រួសាររបស់ខ្ញុំដូចគ្រួសារលោក។ ព្រោះលោក គ្រាន់តែប្រពន្ធរបស់លោកក៏លោកលែងលះគ្នាដែរបានជាលោកពរកូនទៅទាំងប្រពន្ធនៅក្នុងប្រទេស។ សូម្បីតែប្រពន្ធរបស់លោក លោកមិនទាំងត្រូវគ្នាផង តើលោករឿងអីត្រូវជាមួយខ្ញុំ….គ្រួសារខ្ញុំផ្សេង»។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការរដ្ឋសភា និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

បើតាមសម្ដេចតេជោ ក្រុមគ្រួសាររបស់សម្ដេច រួមទាំងកូននិងចៅៗ គឺមិនមានចំណុចមួយដូចអ្វីដែលលោក គឹម សុខ លើកឡើងនោះទេ។ «បងប្អូនគេ គេមានឋានានុក្រមរបស់គេ គេស្ដាប់បងរបស់គេណាស់។ គេគ្មានមហិច្ឆតាដើម្បីធ្វើនាយករដ្ឋមន្រ្តីជំនួសបងរបស់គេទេ។ ដំបូងវិភាគត្រឹមតែគណបក្សប្រជាជនទេថាអត់ឯកភាពគ្នាក្នុងការលើក ហ៊ុន ម៉ាណែត»។ នេះជាការបន្ថែមរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថាឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ឥស្សរជនវ័យក្មេងរូបនេះត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចជាឯកច្ឆ័័ន្ទគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃគណបក្សប្រជាជនកម្ពុជានាពេលអនាគត។ ចំណែកឯកឧត្តម ហ៊ុន ម៉ានី បច្ចុប្បន្នជាប្រធានគណៈកម្មការរដ្ឋសភា និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន អមដោយកូនប្រុសទាំង៣ និងឥស្សរជនផ្សេងទៀត

Share.