កាលពីថ្ងៃទី២ខែមិថុនា មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះបានឃើញអតីតភរិយាលោក ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា ធ្វើដំណើរចេញពីសាលាដំបូងរាជធានីភ្នំពេញ ធ្វើឱ្យមហាជនសង្ស័យថាអាចនឹងមានពាក់ព័ន្ធនឹងលោក ឌួង ឆាយ។ ខណៈលោក ឌួង ឆាយមិនទុកឱ្យមហាជនសង្ស័យយូរកាលពីរាត្រីម្សិលមិញនេះ (៤ មិថុនា) ផេកផ្លូវការរបស់លោកបានមកបញ្ជាក់ការពិតពាក់ព័ន្ធនឹងករណីនេះហើយ។

អតីតឧកញ៉ាដ៏ល្បីនិងមានឥទ្ធិពលលើបណ្ដាញសង្គមបានចេញមក Share នូវដំណឹងមួយដែលបានចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកព្រមជាមួយសំណេរដែលធ្វើឱ្យមហាជនជ្រាបកាន់តែច្បាស់ថាដំណឹងប្ដឹងលោក ឌួង ឆាយ ពីសំណាក់អតីតភរិយាគឺជាការពិត៖«អរគុណចំពោះការបន្តប្ដឹងខ្ញុំ ទាំងដែលខ្ញុំសូមបញ្ចប់ មនុស្សមិនគោរពសម្ដីគ្មានថ្ងៃដឹងកំហុសខ្លួនឯងបានធ្វើដាក់អ្នកដទៃ»
តាមរយៈសំណេរខ្លីខាងលើនេះមានន័យគ្រប់គ្រាន់ឱ្យមហាជនសន្និដ្ឋានបានថារឿងដែលមានអ្នកឃើញអ្នកនាង ដេត ម៉ាលីណាចូលសាលាដំបូងគឺជារឿងពិត។
សូមរំលឹកឡើងវិញថា រឿងរ៉ាវទំនាស់ផ្ទៃក្នុងគ្រួសាររវាងលោក ដួង ឆាយនិងអ្នកនាងដេត ម៉ាលីណាដែលល្បីខ្ចរខ្ចាយកក្រើកក្រុងកាលពីអំឡុងចុងឆ្នាំ២០២០ ពាក់ព័ន្ធនឹងការលែងលះព្រមទាំងអំពើហិង្សានោះ នៅមិនទាន់ចប់សព្វគ្រប់នោះទេ ព្រោះអតីតភរិយាលោក ឌួង ឆាយបានបន្តប្ដឹងលោកពីបទប្រើអំពើហិង្សាមកលើរូបរាងកាយ ព្រោះមានមនុស្សប្រទះឃើញអ្នកនាងបានឡើងតុលាការតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ។
កន្លងមកធ្លាប់មានការចុះផ្សាយជាច្រើនជុំវិញរឿងរ៉ាវរបស់អ្នកទាំងពីរថាបានបញ្ចប់ជាស្ថាពរហើយ ដោយភាគីលោក ឌួង ឆាយសុខចិត្តអហោសិកម្ម និងចុះចេញពីផ្ទះ ព្រមជាមួយនឹងបំណុលធនាគារជាង៣លានដុល្លារ។
ជុំវិញករណីខាងលើនេះ គឺជាការលើកឡើងពីភាគីរបស់លោក ឌួង ឆាយ ខណៈភាគីអ្នកនាង ដេត ម៉ាលីណា មិនទាន់ចេញសកម្មភាពឬធ្វើការបកស្រាយតបតចំពោះការចុះផ្សាយព័ត៌មានខាងលើ ក៏ដូចជាការលើកឡើង របស់ លោក ឌួង ឆាយនៅឡើយទេ៕



