ការប្រកួតមិត្តភាពរវាងក្លិបបាល់ទាត់នគរបាលជាតិ ប្រកួតជាមួយ ក្លិបបាល់ទាត់បឹងកេត នៅក្នុងទឹកដីក្រុងព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៣:០០រសៀល ក្នុងទីលានវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុ។

នេះគឺដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ របស់ក្លិបបាល់ទាត់បឹងកេត រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ ហើយនៅចុងសប្ដាហ៍នេះក្លិបបាល់ទាត់បឹងកេត រួមជាមួយ យុវជនបរិស្ថាន និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ក្នុងយុទ្ធនាការចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្ត រួមជាមួយនឹងកម្មវិធីអប់រំស្ដីពីបរិស្ថាន ការបង្ហាត់បង្ហាញនិងចែករំលែកចំណេះដឹងបាល់ទាត់ដល់ប្អូនៗកុមារ ការប្រកួតមិត្តភាព និងកិច្ចការងារសង្គមដ៏ចាំបាច់ជាច្រើនទៀត។

ទស្សនកិច្ច​ដ៏​អស្ចារ្យមួយនេះ នឹងមានកម្មវិធីពិសេសៗដូចជា ស្តាប់បទបង្ហាញស្តីពី ការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយតំណាងមន្ទីរបរិស្ថាន ព្រមទាំង វឌ្ឍនភាពនៃការអភិវឌ្ឍ និងចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ថែមទៀតផង។ ជារួមដំណើរទស្សនកិច្ចនេះ នឹង​ឆ្លុះបញ្ចាំងឱ្យឃើញពីការស្វែងយល់​ពីគ្នាទៅវិញទៅមក អំពី​សក្តានុពល​ ការអភិវឌ្ឍ ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាអំពី​ចំណេះដឹងបាល់ទាត់ តាមរយៈក្លិបបាល់ទាត់បឹងកេត និងខេត្ត ព្រះសីហនុ៕

Share.