របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦,៤៣០ ពាន់លានរៀល (ប្រហែល ៣,៩៨ ពាន់លានដុល្លារ) ជាប្រាក់ចំណូលក្នុងអំឡុងខែមករាដល់ខែសីហានៃឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AKP។

របាយការណ៍ដែលបានចេញផ្សាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ចំណូលសារពើពន្ធបានមកពីពន្ធ និងគយតំណាងឱ្យ ៩៣ ភាគរយនៃប្រាក់ចំណូលសរុប។

របាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលបានចំណាយប្រាក់ចំនួន ១៥,២៧១ ពាន់លានរៀល (ប្រមាណ ៣,៧ ពាន់លានដុល្លារ) ឬ ៥៧ ភាគរយនៃការចំណាយសរុបដែលបានកំណត់ក្នុងច្បាប់ថវិកាជាតិឆ្នាំ ២០២២។

ក្រសួងបានគូសបញ្ជាក់ថា ការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈកំពុងវិលទៅរកភាពប្រក្រតីវិញ បន្ទាប់ពីស្ថានការណ៍ Covid-19 ធូរស្រាល ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែនក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងនិរន្តរភាពនៃការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ច្បាប់ថវិការបស់កម្ពុជាកំណត់ចំនួន ៣២,៥៧៦,៩ ពាន់លានរៀល (ប្រហែល ៨ ពាន់លានដុល្លារ) ជាការចំណាយសម្រាប់ឆ្នាំ ២០២២ ជាមួយនឹងចំណូលជាតិកំណត់ចំនួន ២៣,៤៦២,៦ ពាន់លានរៀល (ប្រហែល ៥,៧ ពាន់លានដុល្លារ)។ 

Share.