កំពង់ចាម៖​ ជម្លោះវិវាទបិទផ្លូវដើររយៈពេលជិត១០ឆ្នាំ ស្ថិតនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រូវបានអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធលើកយកមកធ្វើការសម្របសម្រួលដោះស្រាយនាព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ដើមបណ្ដឹងនៅតែទាមទារឲ្យបើកលំអានផ្លូវរទេះចាស់ឡើងវិញទើបយុត្តិធម៌។

លោក យ៉ាន់ ចាន់ថេត ជាដើមបណ្ដឹងបានឱ្យដឹងថា ក្នុងគ្រាដំបូងមានផ្លូវលំអានរទេះចេញចូលពីក្រៅដល់ខាងក្នុងតែក្រោយមកត្រូវបានភាគីឈ្មោះចាបសុខជា ធ្វើរបងបិទ ដែលជាហេតុធ្វើឲ្យអ្នកនៅខាងក្នុងមិនមានផ្លូវចេញចូល។ជាមួយនោះប្រជាពលរដ្ឋបានរាយការណ៍តាមទូរសព្ទទៅលោកសារិន មេភូមិបឹងបាសាក់ ហើយមេភូមិរូបនេះលើកឡើងថាមិនអីទេឱ្យគេធ្វើសិនចុះចាំពេលណាគេធ្វើផ្លូវនឹងឲ្យភាគីនេះវាយចោលវិញ។ ទោះបីជាប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរមូលដ្ឋាននិងដល់សាលាក្រុងកំពង់ចាមតែមិនមានដំណោះស្រាយដោយកិត្តិយុត្តទាល់តែសោះគឺធ្វើឲ្យសំណង់ផ្ទះរបស់ចាបសុខជាកាន់តែរឹងមាំរហូតមកដល់សព្វថ្ងៃគឺមិនមានច្បាប់នោះទេ ។
លោក មុឹង សុទ្ធថាវរៈ ប្រធានការិយាល័យភូមិបាលក្រុងកំពង់ចាមលើកឡើងថា :តាមរយៈក្រុមការងាររបស់លោកបានចុះពិនិត្យមើលដល់កន្លែងកើតហេតុថាមិនមានបិទផ្លូវរទេះនោះទេ។ហើយរូបលោកបានទទួលស្គាល់ភាគីឈ្មោះចាប សុខជា ពិតជាបានសាងសង់លំនៅឋានមិនមានច្បាប់ផងដែរ ។

លោក យូ ចាន់ឌី អនុប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តបានលើកឡើងថាយោងតាមការស្ដាប់របាយការណ៍របស់លោកអភិបាលរងក្រុងកំពង់ចាមគឺចាំបាច់ត្រូវជ្រើសរើយកជម្រើសទី២ ដែលមើលទៅស្រួលជាងជម្រើសទី១ ព្រោះថាកាលណាបើទាមទារយកជម្រើសទីមួយគឺវែងឆ្ងាយដល់តុលាការ។ចំពោះដំណោះស្រាយទីមួយអាចប្រព្រឹត្តទៅបានដរាបណាអ្នកដែលមានប្លង់រឹងនៅខាងក្នុងប៉ុន្មាននាក់យល់ព្រមបរិច្ចាគដីម្នាក់បន្តិចនោះគឺជាភាពជោគជ័យ ។

លោក ហេង វណ្ណី អភិបាលរងខេត្តមានប្រសាសន៍លើកឡើងថា បើពិនិត្យមើលជាក់ស្ដែងជម្រើសទី២គឺល្អជាងជម្រើសទីមួយព្រោះថា អ្នកនៅខាងក្នុងចំនួនប្រាំនាក់គឺមានប្លង់រឹង។ រូបលោកទទួលស្គាល់ថា ភាគីចុងបណ្ដឹងឈ្មោះចាបសុខជា ដែលមានប្លង់នៅដើមគេ ពិតជាមិនមានប្លង់កម្មសិទ្ធិស្របច្បាប់នៅឡើយ។ ហើយមិនដឹងថាពេលដែលដំណើរការសាងសង់ផ្ទះនោះតើមានការហាមឃាត់ពីភូមិបាលក្រុងកំពង់ចាមដែរឬទេ?

តាមក្រុមភាគីដើមបណ្ដឹងបានលើកឡើងថា ពាក្យបណ្ដឹងដែលពួកគាត់ បានដាក់ជូនអាជ្ញាធរក៏ដូចជាជំនាញភូមិបាលក្រុងកំពង់ចាម ពីរលិខិតទិញលក់ដីរបស់ឈ្មោះចាបសុជា មានការកែកោះលុបលេខ៤៥ទៅ៥០ម៉ែត្រ
ហើយក៏មានលិខិតបញ្ជាក់បដិសេធរបស់លោកហុក ឡុងស្រេង អតីតមេភូមិចុងកុងបដិសេធលិខិតកែកោសលុបនៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១១ តែជំនាញមិនអើពើដោះស្រាយទាល់តែសោះ។បើសិនគេយកមកដោះស្រាយតាំងពីមិនទាន់ចុះវាស់វែងដីជាលក្ខណៈប្រព័ន្ធក៏មិនមានបញ្ហាមកដល់សព្វថ្ងៃនេះដែរ៕

អត្ថបទ៖ សាន វីឡែម

Share.