វិបត្តិនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមយ៉ាងធំ សម្រាប់មនុស្សនៅលើពិភពលោក ដោយសារតែទប់ស្កាត់ការឆ្លងជំងឺនេះ ធ្វើឱ្យមនុស្សបាត់បង់ទំនាក់ទំនង មុខជំនួញ និង អាជីព ចំណែកអាជីវកម្មមួយចំនួនត្រូវជាប់គាំង ខណៈឆ្នាំងបាយចាប់ផ្ដើមស្ងួតបណ្ដើរៗ មិនទុកឱ្យខ្លួនដាច់ពោះ តារាចម្រៀង ចេន សាយចៃ បានបង្កើតមុខរបរថ្មីបន្ថែមចំនួនពីរដើម្បីជីវភាពក្នុងសម័យកូវីដ-១៩។

សូមចុចអាន៖ ឆ្ងាយតែកាយ! ចេន សាយចៃ ផ្ញើសំនៀងលួងលោមបំពេរអារម្មណ៍អ្នកគាំទ្រកម្ពុជា!
យោងតាមរយៈបទសម្ភាសពិសេសមួយជាមួយនឹងកម្មវិធី ត្រយង Zoom របស់អង្គភាពសារព័ត៌មានត្រយងញូវស៍ អ្នកនាង ចេន សាយចៃបានឱ្យដឹងថាអ្នកនាងមានការលំបាកខ្លាំងដោយសារតែបញ្ហាកូវីដ-១៩ធ្វើឱ្យអាជីពសិល្បៈត្រូវបានផ្អាកដំណើរការដូច្នេះអ្នកនាងបានចាប់ផ្ដើមបង្កើតរបរថ្មីមួយទៀតគឺលក់ឱសថបុរាណ បន្ថែមលើមុខរបរនោះអ្នកនាងក៏បានចូលជាបុគ្គលិកក្រៅម៉ោងធ្វើការជាអ្នកលក់ធានារ៉ាប់រងនៅក្នុងក្រុម AIA ប្រទេសថៃផងដែរ។

ម្ចាស់បទ «នាងលក់ក្របីចោល» រូបនេះក៏បានឱ្យដឹងដែរថានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះអ្នកនាងនឹងមានបទចម្រៀងថ្មីដើម្បីបំរើចំណីអារម្មណ៍អ្នកគាំទ្រនៅប្រទេសកម្ពុជា ដែលតែងតែមានការនឹករលឹកចំពោះអ្នកនាងរហូតមក ក្រោយបែកគ្នាមួយរយៈធំដោយសារតែជំងឺកូវីដ-១៩ ធ្វើឱ្យច្រកចេញចូលព្រំដែនកម្ពុជា-ថៃត្រូវបានបិទ។

តារាចម្រៀងសំនៀងរដឺនរូបនេះក៏បានផ្ញើសារលើកទឹកចិត្តនិងកម្លាំងចិត្តចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងតែជួបទុក្ខលំបាកដោយសារជំងឺកូវីដ-១៩ សូមកុំមានការអស់សង្ឃឹមព្រោះមិនយូរមិនឆាប់ជំងឺនេះ គង់តែរលាយបាត់ពីពិភពលោកនេះនោះទេ ឱ្យតែមានការតស៊ូប្រាកដណាស់ច្បាស់ជាឆ្លងផុតពីដំណាក់កាលដ៏លំបាកនេះ៕
