មហាគ្រួសារបាល់ទាត់កម្ពុជាមានភាពសោកសង្រេងជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោក គីម ភក្ដី គ្រូបង្គោលក្រុមបឹងកេត នាវេលាម៉ោងប្រមាណ ៩:១០ នាទីព្រឹកកាលថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២២។ លោកគឺជាធនធានគ្រូបង្វឹកខ្មែរដ៏សកម្មមួយនៅលីគកំពូលកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
លើសពីនេះទៅទៀត លោកបានជាប់ជាគ្រូល្អប្រចាំពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១៩ ពេលដឹកនាំបឹងកេតលើកពានជាប្រវត្តិសាស្ត្ររបស់ក្លិបលើកដំបូង ទោះស្ថិតក្នុងតំណែងគ្រូបង្វឹកបណ្ដោះអាសន្នក៏ដោយ។ នៅឆ្នាំ ២០២០ លោកក៏បាននាំក្លិបបឹងកេតលើកពានលីគកំពូលលើកទី ៤ ជាប្រវត្តិសាស្ត្ររបស់ក្លិបដូចគ្នា ទោះស្ថិតក្នុងតំណែងដឹកនាំបណ្ដោះអាសន្នដដែលក៏ដោយ។
នៅឆ្នាំដដែលនេះ លោកជាគ្រូខ្មែរតែម្នាក់គត់ដែលដឹកនាំក្រុមមិនចាញ់ ១៣ ប្រកួតជាប់គ្នា (ការប្រកួតនៅសល់) នៅលីគកំពូលតាំងពីឆ្នាំ ២០១៩ មក ក្រោយការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិថៃ Aphisit Im Amphai។ ហើយលោកក៏ឈ្នះពានឯកត្តជន ជាគ្រូល្អប្រចាំលីគកំពូលឆ្នាំ ២០២០ ផងដែរ ក្រោយដឹកនាំឱ្យក្រុមលើកពានដ៏សប្បាយរីករាយ។
លោកត្រូវបានតែងតាំងជាគ្រូបង្គោលផ្លូវការនៅឆ្នាំ២០២១ និងបានដឹកនាំក្រុមបឹងកេតឱ្យមានការប្រកួតប្រជែងខ្ពស់ទាំងពានពានសម្ដេច និង លីគកំពូល។ លោកបាននាំបឹងកេត ទទួលចំណាត់ថ្នាក់លេខ៣ ពានសម្ដេច ក្រោយឈ្នះ ភ្នំពេញក្រោន ២-០ នៅវគ្គដណ្ដើមយកលេខ៣។ ហើយលោកដឹកនាំឈ្នះ ៨ ប្រកួតជាប់គ្នានៅលីគកំពូលឆ្នាំ ២០២១ ដែលជាកំណត់ត្រាដ៏ល្អមួយផងដែរ។
លោក គឹម ភក្តី ត្រូវបានចាត់ទុកថា ជាបុរសដ៏ផុសផុលម្នាក់ ក្នុងវិស័យបាល់ទាត់នៅកម្ពុជា ដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងជាគ្រូបង្វឹកនៃក្លិបកងទ័ពជើងទឹក (ភុជង្គនាគ) បន្ទាប់មកប្តូរទៅជាក្លិបឆ្លាមសមុទ្រ ហើយលោកក៏ធ្លាប់មានតួនាទីជាជំនួយការរបស់លោក Yusuke Iki ក្នុងការបណ្ដុះបណ្ដាលកីឡាករយុវជនថ្នាលនៅសាលាបាល់ទាត់ជាតិនៃមជ្ឈមណ្ឌលកីឡាបាល់ទាត់បាទី ផងដែរ។
លោក គឹម ភក្តី បានក្លាយជាធនធានកីឡាបាល់ទាត់សំខាន់ទី៣ ដែលបានទទួលមរណភាព នៅក្នុងឆ្នាំ ២០២២ នេះ គឺបន្ទាប់ពីការទទួលមរណភាពរបស់ប្រធានក្លិបភ្នំពេញក្រោន លោក ឫទ្ធី សំណាង កាលពីខែឧសភា ដោយរោគាពាធ ក្នុងវ័យ ៤១ ឆ្នាំដូចគ្នា និងការស្លាប់របស់អតីតគ្រូបង្វឹកជើងចាស់ លោក មិត្ត សំអែល កាលពីខែសីហា៕