ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​របស់​កម្ពុជា ធ្លាប់​ឡើង​ផុត​វគ្គ​ចែក​ពូល​នៃ​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី រហូត​ដល់​ទី៤​ដង ប៉ុន្តែ​លើក​ចុងក្រោយ​ឆ្នាំ​២០២០ កន្លង​ទៅ​​ត្រូវ​លុប​ចោល​ដោយ​សារ​រង​ផល​ប៉ះ​ពាល់​​ពី​កូវីដ-១៩។

ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​ប្រចាំ​ទ្វីប AFC U-20 Asian Cup រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៥៩ មក​ម៉្លេះ​ រាល់​១ឆ្នាំ​ម្តង ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០០៨ មក​មាន​ការ​ផ្លាស់ប្តូរ​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ។ ការ​ប្រកួត​នេះ​ក៏​ជា​ការ​ចំរាញ់​យក​ក្រុម​ខ្លាំង​តំណាង​ឱ្យ​ទ្វីប​អាស៊ី ចូលរួម​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក U20 FIFA World Cup ផង​ដែរ។

ចំណែក​ក្រុម​កម្ពុជា វិញ​​ធ្លាប់​បង្កើត​កំណត់ត្រា​ឆ្លង​ដល់​វគ្គ​ចែក​ពូល​ចំនួន៤​លើក ឯ​ណោះ៖

លើក​ទី១ឆ្នាំ​១៩៦៣៖ការ​ប្រកួត​ធ្វើ​ឡើង​នៅ​រដ្ឋ Penang ប្រទេស​ម៉ាឡេស៊ី ពី​ថ្ងៃ​ទី​​១៨ ដល់​២៨ ខែ​មេសា​ឆ្នាំ​១៩៦៣ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​១២ ចែក​ជា​២ពូល។ កម្ពុជា ស្ថិត​ក្នុង​ពូល A ជាមួយ​ម៉ាឡេស៊ី ថៃ ភូមា (មីយ៉ាន់ម៉ា) ឥណ្ឌា និង​ហ្វីលីពីន ហើយ​ពូល B មាន​កូរ៉េខាងត្បូង ហុងកុង វៀតណាម​ខាង​ត្បូង សិង្ហបុរី ជប៉ុន និង ស្រីលង្កា។

ជា​លទ្ធផល​សម្រាប់​ក្រុម​កម្ពុជា ក្នុង​វគ្គ​ចែក​ពូល​មាន៖
-ថៃ ៤-០ កម្ពុជា
-ម៉ាឡេស៊ី ០-១ កម្ពុជា
-កម្ពុជា ៦-២ ហ្វីលីពីន
-ឥណ្ឌា ២-០ កម្ពុជា
-ភូមា ៤-០ កម្ពុជា

ក្នុង​នាម​១​ពូល A ក្រុម​ភូមា ត្រូវ​ប៉ះ​ក្រុម​កូរ៉េខាងត្បូង លេខ​១​មក​ពូល B យក​ជើង​ឯក​ហើយ​លទ្ធផល នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ស្មើ​គ្នា​២ទល់២។ ដូច្នេះ​ចែក​ពាន​គ្នា​កាន់​ពាក់កណ្ដាល​ឆ្នាំ​ម្នាក់។

លើក​ទី២ឆ្នាំ​១៩៧២៖ នេះ​ជា​​ការ​ប្រកួត​លើក​ទី១៤ ហើយ​ ខណៈ​សម្រាប់​កម្ពុជា បាន​ចូលរួម​ជា​លើក​ទី២ ដោយ​ប្រើ​ឈ្មោះ​ជា​សាធារណៈរដ្ឋ​ខ្មែរ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​៣០​ខែ​មេសា ខណៈ​ក្រុម​ចូលរួម​សរុប​ទាំង​១៧ ត្រូវ​បែងចែក​ជា​​៤ពូល។

ពូល A មាន​អ៊ីស្រាអែល, ថៃ, ឥណ្ឌា និង​នេប៉ាល់ ពូល B មាន​ជប៉ុន, សិង្ហបុរី,​ម៉ាឡេស៊ី,​ហុងកុង និង​ប្រ៊ុយណេ ពូល C មាន​ភូមា (មីយ៉ាន់ម៉ា), ឥណ្ឌូណេស៊ី,​តៃវ៉ាន់ និង​កម្ពុជា ពូល D មាន​កូរ៉េខាងត្បូង,​អ៊ីរ៉ង់,​ឡាវ និង​ហ្វីលីពីន។

លទ្ធផល​របស់​ក្រុម​កម្ពុជា មាន៖
-ភូមា ៥-០ កម្ពុជា
-តៃវ៉ាន់ ០-០ កម្ពុជា
-ឥណ្ឌូណេស៊ី ៣-០ កម្ពុជា

វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​អ៊ីស្រាអែល យក​ឈ្នះ​កូរ៉េខាងត្បូង ដោយ​លទ្ធផល ១ទល់០ ហើយ​ជា​ពាន​ដែល​អ៊ីស្រាអែល ឈ្នះ​លើក​ទី​៦ របស់​ខ្លួន​ផង​ដែរ។​

លើក​ទី៣ឆ្នាំ​១៩៧៤៖ ថៃ បន្ត​ធ្វើ​ជា​​នៅ​រាជធានី​បាងកក ដដែល​ ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​៣០​ខែ​មេសា​ ដែល​មាន​ក្រុម​ចូលរួម​ចំនួន​​១៦ក្រុម ក្នុង​នោះ​ចែក​ជា​​៤ពូល។ ចំណែក​កម្ពុជា បន្ត​ប្រើ​ឈ្មោះ​សាធារណៈរដ្ឋ​ខ្មែរ​ដដែល។ ពូល A មាន​អ៊ីរ៉ង់,​សិង្ហបុរី,​វៀតណាម​ខាង​ត្បូង​និង​ហ្វីលីពីន​ ពូល B មាន​ឥណ្ឌា,​ហុងកុង,​ភូមា (មីយ៉ាន់ម៉ា) និង​ឡាវ ពូល C មាន​កូរ៉េខាងត្បូង,​ម៉ាឡេស៊ី,​​កម្ពុជា និង​នេប៉ាល់ ពូល D មាន​ថៃ ជប៉ុន តៃវ៉ាន់ និង​ប្រ៊ុយណេ។

លទ្ធផល​របស់​កម្ពុជា​មាន៖
-ម៉ាឡេស៊ី ២-១ កម្ពុជា
-កម្ពុជា ៦-២ នេប៉ាល់
-កូរ៉េខាងត្បូង ២-០ កម្ពុជា
វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ឥណ្ឌា និង​អ៊ីរ៉ង់ បាន​ប្រកួត​ស្មើ​គ្នា ២ទល់២ ហើយ​ចែក​ពាន​គ្នា​ពាក់កណ្ដាល​ឆ្នាំ​ម្នាក់។

លើក​ទី៤ ឆ្នាំ​២០២០៖ អស់​រយៈ​ពេល​ដល់​ទៅ​ក្បែរ​៥០ឆ្នាំ​ទើប​ក្រុម​កម្ពុជា មាន​ឱកាស​ចូល​ដល់​វគ្គ​ចែក​ពូល​ម្តង​ទៀត ក្រោយ​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ចំនួន​១៦​ឆ្លង​ផុត​វគ្គ​ជម្រុះ។ ប៉ុន្តែ​ការ​ប្រកួត​​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី រំសាយ​ចោល​វិញ​ដោយ​សារ​ស្ថានភាព​កូវីដ-១៩ ក្នុង​តំបន់​និង​ពិភពលោក ផ្ទុះ​ខ្លាំង ខណៈ​ប្រទេស​អ៊ូបេគីស្ថាន ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពី​ថ្ងៃ​ទី​១៤ ដល់​៣១ ខែ​តុលា ឆ្នាំ​២០២០។

មុន​ឈាន​ដល់​វគ្គ​១៦ក្រុម​ចុងក្រោយ​នេះ កម្ពុជា បាន​ឈរ​ឈ្មោះ​ជា​ក្រុម​លេខ​២​ល្អ​ប្រចាំ​ពូល G ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។ ប្រកួត​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ក្រុម​កម្ពុជា បាន​ចាញ់​ម៉ាឡេស៊ី ៥-៤ ហើយ​ឈ្នះ​កោះ Northern Mariana Islands ៩-០ បន្ត​ឈ្នះ​ថៃ ២-១ និង​ឈ្នះ​ប្រ៊ុយណេ ៣-០។

ដោយ​ឡែក​ការ​ប្រកួត​នៅ​ឆ្នាំ​២០២២ នេះ​នឹង​ត្រូវ​ធ្វើ​ការ​ជម្រុះ​​ រក​ក្រុម​ខ្លាំង​ទាំង​១៦ ឡើង​ទៅ​វគ្គ​ចុងក្រោយ​ដែល​ធ្វើ​នៅ​ប្រទេស​អ៊ូបេគីស្ថាន ក្នុង​ខែ​មីនា ឆ្នាំ​២០២៣ ខាង​មុខ។ ក្នុង​វគ្គ​ជម្រុះ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន៤៤ ប្រទេស​​ដោយ​ចែក​ជា​១​០​ពូល។ កម្ពុជា ស្ថិត​ក្នុង​ពូល ជាមួយ​ម្ចាស់​ផ្ទះ​តាជីគីស្ថាន សិង្ហបុរី និង លីបង់។ ក្រុម​លេខ១​តាម​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ហើយ​ក្រុម​លេខ​២ល្អ​​ជាង​គេ​ក្នុង​ចំណោម​១០​ពូល ចំនួន​៥ក្រុម​ក៏​កក់​សំបុត្រ​យន្តហោះ​ទៅ​អ៊ូបេគីស្ថាន ដែរ៕

Share.