បាត់ដំបង៖សំណុំរឿងស្ត្រីស្រស់សោភាម្នាក់ដែលគេប្រទះឃើញដេកស្លាប់នៅក្នុងឡាន ក្រោយការពិនិត្យរួចមក សមត្ថកិច្ចថាជាករណីឃាតកម្មដោយជនរងគ្រោះត្រូវគេវ៉ៃបាក់ក និងផុងលលាដ៏ក្បាលរួចយកទាំងរថយន្តនិង មនុស្សទៅផ្លុងចោល។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅកណ្តាលក្រុងបាត់ដំបងនាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ត្រង់ចំណុចក្បែរផ្សារភូពុយ ក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យបានបញ្ជាក់ថាជាករណីឃាតកម្មដោយសារលើសាកសពជនរងគ្រោះមានស្លាកស្នាមរងការវាយប្រហារបណ្តាលឲ្យបាក់ក និងផុងលលាដ៏ក្បាល ហើយត្រូវបានដឹកយកមកផ្លុងចោលក្រោមដើមឈើក្បែរផ្សារ។

ប្រភពខាងលើបានបង្ហើបបន្តថា៖ករណីខាងលើអាចមានការពាក់ព័ន្ធជាមួយបុរសក្រុមការងារជាមូយគ្នាព្រោះធ្លាប់មានទំនាក់ទំនងលើសពីធម្មតាកន្លងមកជាមួយគ្នា ហើយក៏បានបាត់ខ្លួនទាំង ២នាក់ចាប់តាំងពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២។ ចំពោះមុខនេះនគរបាលការិយាល័យជំនាញកំពុងបន្តស្រាវជ្រាវដើម្បីបញ្ជាក់ពីការពិត និងស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ ក៏ដូចជាសាច់ញាតិក្រុមគ្រួសារ។

លោក ណុល តារា ជាប្តីជនរងគ្រោះបានបញ្ជាក់ថា៖ ស្ត្រីជនរងគ្រោះមានឈ្មោះឌីម សោភា អាយុ ៣៤ឆ្នាំ រស់នៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាងសំអាង និងទិញលក់ដីឡូតិ៍ បានបាត់ខ្លួនកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២។ នៅថ្ងៃចេញពីផ្ទះជនរងគ្រោះបានប្រាប់គាត់តាមទូរស័ព្ឌថានាងទៅចូលរួមពិធីខួបកំណើតនៅក្នុងខេត្តបាត់ដំបង ក្រោយមកក៏ទាក់ទងគ្នាលែងបាន រហូតដល់ថ្ងៃដែលគេប្រទះឃើញសពជនរងគ្រោះ៕

ជនរងគ្រោះកាលមានជីវិត

អត្ថបទ៖ដំបងក្រញូង

Share.