ភ្នំពេញ ៖ រថយន្តម៉ាកCRVមួយគ្រឿង គ្រាដែលកំពុងបើកបរតាមដងផ្លូវស្រុខៗ ស្រាប់តែហុយផ្សែងចេញជា អណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅឡើង ខូចខាតខ្ទេចអស់ទាំងស្រុង សល់តែគ្រោងដែក ម្ចាស់អ្នកបើកបរនិងអ្នករួមដំណើរចុះចេញទាន់ សង្ស័យតែឆ្លងចរន្តភ្លើង បង្កឲ្យផ្អើលអស់អ្នកដំណើររួមផ្លូវ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយពន្លត់ភ្លើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវកម្ពុជាក្រោម ខាងកើតភ្លើងស្តុបដេអុិន ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះអគ្គិភ័យខាងលើ ម៉ាកCRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-7679 ជិះគ្នា៣នាក់ អ្នកបើកបរដោយបុរសចំណាស់ម្នាក់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តមួយគ្រឿងខាងលើបើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដីពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែហុយផ្សែងខ្មួល ចេញជាអណ្តាតភ្លើង ឆាបឆេះសន្ធោសន្ធៅឡើង សង្ស័យឆ្លងចរន្តភ្លើង មនុស្ស៣នាក់ជិះក្នុងរថយន្តនាំគ្នាចុះចេញ ភ្លើងឆេះកាន់តែខ្លាំងឡើងៗ ផ្អើលអ្នកដំណើរតាមដងផ្លូវ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង រថយន្តរងខូចខាតអស់ទាំងស្រុង សល់តែគ្រោងដែក ៕

អត្ថបទ៖តាតុង សែនជ័យ

Share.